ជំទាវឧកញ៉ាបណ្ឌិត​សៀង​ចាន់​ហេង​ ឧបត្ថម្ភជួសជុលខ្លោងទ្វារ…

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីបានចុះពិនិត្យការដ្ឋានជួសជុលរហាត់ទឹក និងស្រះស្រង់ដោយផ្ទាល់រួចមក ឯកឧត្តម យិត ចាន់ដារដ្ឋ ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និង លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ រួមជាមួយព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសាបានបន្តដំណើរចុះពិនិត្យខ្លោងទ្វារតាកាវ ដែលស្ថិតនៅបរិវេណខាងលិចនៃរាជធានីអង្គរធំក្នុងតំបន់អង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមក​ ខ្លោងទ្វារនេះមានសភាពទ្រុឌទ្រោមដែលអាចបង្កហានិភ័យដល់អ្នកធ្វេីដំណេីរ ហេីយត្រូវបានបិទមិនឱ្យរថយន្តធ្វេីដំណេីឆ្លងកាត់ឡើយ។ ដោយសមានចិត្តចង់ចូលរួមចំណែក ក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិខ្មែរ លោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង បានប្រកាសជួយផ្តល់ជំនួយឧបត្ថម្ភថវិកា ដើម្បីជួសជុលអភិរក្សខ្លោងទ្វារតាកាវ ដែលជាកេរ្តិ៍មរតកដូនតាដ៏មានតំលៃមហាសាលមិនអាចកាត់ថ្លៃបាន ឱ្យមានលក្ខណៈដូចដើមឡើងវិញ។

ក្នុងឱកាសនោះ លោកជំទាវក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលរួមក្នុងកិច្ចការបេតិកភណ្ឌទាំងនេះ ដែលធ្វើឱ្យលោកជំទាវមានមោទនភាពជាខ្លាំងក្នុងការរួមចំណែកថែរក្សាដួងព្រលឹងជាតិខ្មែរ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការងារអភិរក្ស និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេសជួយសម្រួលបញ្ហាកកស្ទះចរាចរនៅក្នុងតំបន់អង្គរធំ នាពេលបុណ្យទាន និងរដូវមានភ្ញៀវច្រើនផងដែរ។

គួរបញ្ជាក់ថា នេះជាគម្រោងទី៣ហើយ ដែលលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ស្ម័គ្រចូលរួមការងារក្នុងរមណីយដ្ឋានអង្គរ ដែលគម្រោងទី១ គឺការជួសជុលរហាត់ទឹកនៅសួនបណ្ដុះកូនឈើប្រាសាទតាកែវ ទី២ គម្រោងជួសជុលប្រាសាទកណ្ដាលស្រះស្រង់ និងទី៣នេះ គឺគម្រោងជួសជុលខ្លោងទ្វារតាកែវ៕