ចិន ផ្តល់អំណោយជា​បរិក្ខា​ពេ​ទ្យ​ជូន​រដ្ឋបាល​ខេត្ត​សៀ​មរាប

សង្គម​និង​សេដ្ឋកិច្ច
198 Shares

រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង បាននាំយកបរិក្ខាពេទ្យមួយចំនួន ប្រគល់ជូនដ​ល់​រដ្ឋបាល​ខេត្តសៀមរាប កាលពីថ្ងៃចន្ទ ដើម្បីរួមចំណែក​ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមប្រធានការិយាល័យ​កុងស៊ុលចិនប្រចាំ​ខេត្តសៀមរាប បាននាំយកអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០កំប្លេរ និងម៉ាស់ចំនួន១ម៉ឺនម៉ាស់ ផ្តល់ជូន​រដ្ឋបាល​ខេត្តសៀមរាប។

លោក Mei Zhongmin បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន ពិសេសខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈ​បរិក្ខាពេទ្យ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យ​ក្រុងខេត្តស​ម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ លោក Mei Zhongmin  បានគូសបញ្ជាក់ថា នៅពេលកម្ពុជា កំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែក​គ្នាជួយមិត្តក្នុង​គ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្ត​សៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវិដ១៩ ។ ក្នុងនោះដែរ​លោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានលើកឡើងថា ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការ​យកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះ​ដួងតែមួយ​រវាងកម្ពុជា-ចិន ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវ វិធីសាស្ត្រ និង ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរី​ករាលដាលនៃជំងឺកូវិដ១៩ ដែលបានកំពុងតែអនុវត្តនៅឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ដែលបានផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌល​សុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រ​យុទ្ធប្រឆាំងនិងជំងឺឆ្លងកូវិដ១៩៕

ចិន ផ្តល់អំណោយជា​បរិក្ខា​ពេ​ទ្យ​ជូន​រដ្ឋបាល​ខេត្ត​សៀ​មរាប
198 Shares