អ្នកជំ​នាញ​៖ ​កូវីដ ១៩ ​ធ្វើឲ្យម្ចាស់​អ​គារ​កា​រិយា​ល័យ​ប្រគួត​​ប្រជែង​ត​ម្លៃជួល

សង្គម​និង​សេដ្ឋកិច្ច
23 Shares

យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេល​ថ្មីៗនេះ បានឲ្យដឹងថា បញ្ហាវីរុសកូរ៉ូណា ឬកូវីដ១៩ បានបង្កឲ្យមានការប្រគួតប្រជែង​ខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួលផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកស្រី អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា  នៅប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះតម្រូវការផ្នែកការិយាល័យមានការកើនឡើងយ៉ាងគំហុក។ អ្នកស្រីបន្តថា បើទោះបីជាមានបញ្ហានៃវីរុសកូរ៉ូណាក៏ដោយ អត្រានៃការជួលអគារការិយា​ល័យហាក់​ពុំទាន់រងផលប៉ះពាល់ខ្លាំងនោះទេដោយវាគ្រាន់តែកាត់បន្ថយនៃចំនួនអតិថិជនគោលដៅប៉ុណ្ណោះ ដែលកត្តានេះបង្កឲ្យមានការប្រគួតប្រជែង​ខ្លាំងក្នុងចំណោមម្ចាស់​អគារការិយាល័យជួល។

របាយការណ៍របស់ CBRE Cambodia បានឲ្យដឹងបន្ថែមថា តម្លៃជួលរបស់​អគារកា​រិយាល័យមានសភាពថេរពេញមួយត្រីមាសទី១ឆ្នាំ ២០២០នេះ បើទោះបីជាកាល​ពីខែមករាមានការកើនឡើងខ្ពស់នៃតម្រូវការការិយាល័យក៏ដោយ។ ក្នុងនោះ ដោយមានការប្រគួតប្រជែងខ្លាំងដែលបណ្ដាលមកពីវីរុសកូរ៉ូណានេះ មានម្ចាស់អគារ​ការិយាល័យជួលមួយចំនួនបានធ្វើការបញ្ចុះតម្លៃរយៈពេលខ្លីដើម្បីទាក់ទាញអ្នកជួលថ្មី។

គួរបញ្ជាក់ថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសំពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាមរបាយការណ៍​ទីផ្សារអច​លនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យ CBRE Cambodia។ វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់​នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ការរីករាល​ដាលនៃ​វីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ សេដ្ឋកិច្ចសង្គមនៃប្រទេស​ជាច្រើនបូករួមទាំងកម្ពុជាផងដែរ៕ អត្ថបទ៖ សិរីកា

អ្នកជំ​នាញ​៖ ​កូវីដ ១៩ ​ធ្វើឲ្យម្ចាស់​អ​គារ​កា​រិយា​ល័យ​ប្រគួត​​ប្រជែង​ត​ម្លៃជួល
23 Shares