ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ ថ្នាំនិងបរិក្ខារពេទ្យដែលគួរត្រៀមទុកនៅក្នុងផ្ទះជាប្រចាំ

ជុំវិញ​ឧកញ៉ា
291 Shares

បញ្ហា​ឈឺថ្កាត់នៅពេលយប់ព្រលប់ តែងកើតមានឡើងដោយមិនអាចចៀសផុត ជា​ពិ​សេស​​គឺ​ជំងឺ​ឈឺ​ចុកចាប់ ណែនទ្រូង ហេវហត់អស់កម្លាំង ឈឺក្បាល វិលមុខ ចុករួយសរសៃ និង​​របួស​ស្នាម​ជាដើម។ ប្រសិនបើមានបញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់បែបនេះ នឹង​បង្ក​ឱ្យមានផលលំបាក​យ៉ាង​ខ្លាំង​ដល់​សមាជិកក្នុងគ្រួសារ ព្រោះថា ចំពោះអ្នកនៅតាមទីជនបទមួយចំនួនគ្មានគ្រូពេទ្យនៅក្បែរផ្ទះនោះ​ទេ ហើយ​ប្រសិនបើមាន ពេលយើងទៅ​គោះទ្វារ​ហៅគ្រូពេទ្យ ក៏​គ្រូពេទ្យមិនងាយ​នឹង​ក្រោក​ឡើង​លក់​ថ្នាំ​ឱ្យ​យើងដែរ។ ដូច្នេះគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេសគ្រួសារនៅតាមតំបន់ដាច់ស្រយាល គួរតែមានថ្នាំនិងបរិក្ខារពេទ្យមួយចំនួនត្រៀមទុកក្នុងផ្ទះជាប្រចាំដូចជា៖

ទី១ ថ្នាំអាស្ពីរីន៖ មានមុខងារជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈណែនដើមទ្រូង​។ ​ថ្នាំនេះ ក្រោយពេលលេបហើយមានប្រសិទ្ធភាព​ភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ នៅស្រុកគេ គេញ៉ាំថ្នាំអាស្ពីរីននេះជាប្រចាំ ព្រោះវាជួយឱ្យឈាមរាវ កាត់បន្ថយការកកស្ទះសរសៃឈាម ឬគាំងបេះដូងជាដើម។

ទី២ ថ្នាំក្រហម៖ គឺមានមុខងារយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលយើងមានរបួសស្នាម​ឬ​ដំបៅ ដោយយើងគ្រាន់តែយកវាមកលាបលើមុខរបួសឬដំបៅនោះ បន្ទាប់មកយក​បង់​រុំ​របួស​មករុំពីលើជាការស្រេច។

ទី៣ ថ្នាំ B-Complex៖ ជាប្រភេទថ្នាំម្យ៉ាងដែលសម្បូរទៅដោយវីតាមីន រួមមានវីតាមីន B, B1, B2, B6 និង B12 ដែលអាចជួយដល់សរសៃខួរក្បាលរបស់យើងធ្វើឱ្យយើងមិនសូវហត់ ធ្វើអ្វីក៏មិនសូវអស់កម្លាំង មិនសូវគិតច្រើន ខួរក្បាលត្រជាក់ គេងលក់ស្រួល និងធ្​វើឱ្យ​ឈាម​យើងដើរស្រួល ម្យ៉ាងក៏ធ្វើឱ្យក្មេងរៀនពូកែ និងឆ្លាតវាងវៃផងដែរ។

ទី៤ ថ្នាំជាតិដែក៖ វាជាប្រភេទថ្នាំដែលមានមុខងារច្រើនយ៉ាង ហើយមិនត្រឹម​តែស្រ្តី​ទេដែលអាច​លេប​បាន សូម្បីបុរសក៏អាចលេបថ្នាំនេះបានដែរ ដ្បិតអីវាជួយឱ្យយើងមានសុខភាពល្អ។ ថ្នាំនេះ បើ​យើង​លេប​​ក្នុងមួយថ្ងៃពីរបីគ្រាប់នៅពេលបាយរួច នោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ លែង​ងងឹត​មុខ លែងវិល លែងចុកខ្នង លែងចុកចង្កេះ ហើយបើចំពោះបុរសគាត់ធ្វើការមានកម្លាំងជាងមុន លែង​រសេះរសោះ​ដៃជើង គេងលក់ស្រួល ខួរក្បាលស្រឡះល្អ ចំណែកស្រីៗមកថ្ងៃខែ (មករដូវ) ក៏​ទៀង​ទាត់​ រីឯក្មេងៗក៏រៀនចេះជាងមុនដែរ។

ទី៥. វ៉ាសេលីន (Vaseline)៖ ជាថ្នាំផ្សះត្រូវគ្រប់រោគលើស្បែក ដែលគួរមាននៅក្នុងផ្ទះជាប្រចាំ។ និយាយទៅ វ៉ាសេលីន អាចជួយដោះស្រាយបញ្ហាបានច្រើន ជាពិសេសមានប្រសិទ្ធ​ភាព​​ចំពោះ​ស្នាមប្រេះ​នឹង​កែង​ជើង និងអ្នកមានស្បែកស្ងួតបែកស្រកា។ ការលាបវ៉ាសេ​លីន​ធ្វើ​ឱ្យ​ស្បែក​លោក​អ្នក​មាន​ភាពទន់ល្មឿយក្នុងរយៈពេលដ៏ខ្លី និងមានសំណើមល្អ។

ទី៦. ថ្នាំ Neosporin ឬ Bactrim៖ ជាប្រភេទថ្នាំផ្សះលាបលើដំបៅ ដែលបណ្ដាលមកពីការមុត ដូចជាមុតដៃមុតជើងនឹងកាំបិតជា​ដើម។

ទី៧. ថ្នាំ Hydrocortisone៖ ប្រើសម្រាប់ព្យាបាលស្បែករោលរមាស់ ស្បែក​ឡើងកន្ទាល​ត្រ​អាក​។

ទី៨. ថ្នាំ Paracetamol ឬ Tylenol៖ ជាថ្នាំបំបាត់ការឈឺចាប់ ឈឺក្បាល និងបន្ថយកម្ដៅពេលក្ដៅខ្លួន។

ទី៩. ថ្នាំ Benadryl ឬ Zyrtec៖ ជាប្រភេទថ្នាំលេបបំបាត់អាឡែកហ្ស៊ី រមាស់ ផ្ដាសាយធម្មតា។

ទី១០. ទឹកអាល់កុល៖ ប្រើសម្រាប់លាងរបួសសម្លាប់មេរោគ។

សូមជម្រាបថា ក្រៅពីថ្នាំទាំងនេះ អ្វីដែលត្រូវមាននៅក្នុងផ្ទះចាំបាច់នោះ គឺបង់បិទដំបៅ បង់រុំរបួស សំឡីពេទ្យ និងសម្ភារៈពេទ្យមួយចំនួនទៀត ដូចជាកន្ត្រៃពេទ្យសម្រាប់កាត់​បង់​រុំ​របួសជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុននឹងពិសាថ្នាំប្រភេទណាមួយ ខ្ញុំសូមផ្ដល់ជាយោបល់ថា អ្នក​ចាំ​បាច់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

ខ្លឹមសារ​ទាំង​ស្រុង​ដោយ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

291 Shares