គម្រោងកំពង់ផែទឹកជ្រៅ ខេត្តកំពត របស់​​ឧកញ៉ា ទ្រីភាព សម្រេច​បាន​ប៉ុន្មាន​ភាគរយ​ហើយ?

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយនៅខេត្តកំពត បាន​សម្រេច​សមិទ្ធផល​ជា​បណ្ដើរៗ​ហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម។​នេះ​បើយោង​ទៅ​តាម​ប្រសាសន៍​របស់​លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត ថ្លែងក្នុង សន្និសីទ​សារព័ត៌​មាន​ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បានមានប្រសាសន៍ថា៖ «កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនដែលគាត់វិនិ​យោគ​។ ហើយ​អ្វី​ដែល​គាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែ​នេះ​មាន​ទំហំធំ​ធេង។ គ្រាន់តែថា កន្លែងដែលចូលចតនោះ គាត់បាន​សាងសង់រួចហើយ ផ្លូវចូល​គាត់​បាន​ធ្វើ​ហើយ នៅតែសេវាសម្បទា បូកជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដែលរាជរដ្ឋាភិបាល​លោក​នឹង​អនុញ្ញាត​នៅពេលខាងមុខនេះ។»

ឯកឧត្តមបានបន្តថា៖ «អ្វីដែលយើងជជែកគ្នាពីមុនគឺ យើងចង់ធ្វើឲ្យបាននៅដើមឆ្នាំ២០២០នេះ។ ហើយ​ខ្ញុំ​គិតថាក្រោយពីជំងឺកូវីដស្ងប់ស្ងាត់ ឬក៏សភាពការណ៍យើងល្អប្រសើរ​ ​​សកម្មភាព​ជំរុញ​ក្នុងការចូល​ចតនាវាធំៗនៅខេត្តកំពតនេះ យើងនឹងជំរុញធ្វើជាមួយនឹងផ្នែកឯកជន។»

ការកសាង​កំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់​ហាទៀង​ នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្ត​កំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី ២ មេសា ២០១៩ កន្លងទៅ។

គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព និងមានសមត្ថភាពឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញ ចាប់ពី ១ម៉ឺន​តោន​ ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។

គួរកត់សម្គាល់ថា កំពង់ផែទឹកជ្រៅថ្មីនេះ គឺជាគម្រោងកំពង់ផែធំមួយ ក្នុងចំណោមគម្រោង​កំពង់ផែធំៗ ទាំង ៣ នៅខេត្តកែប និងខេត្តកំពត បន្ថែមលើកំពង់ផែចំនួន ២ ផ្សេងទៀត គឺកំពង់ផែទេសចរណ៍អន្តរជាតិកែប និងគម្រោងកំពង់ផែកោះទន្សាយ ដែលរដ្ឋាភិបាលទើបនឹងប្រកាសគម្រោងថ្មីៗនេះ។ ចំពោះគម្រោងកំពង់ផែទឹកជ្រៅកំពតនេះ នឹងក្លាយជាកំពង់ផែដ៏ធំមួយ គូនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្ន៕

ប្រភព៖construction-property.com/km