ក្នុង១ថ្ងៃ មាន​រថ​យន្ដធ្វើឆៀក​ជាង ៤ពាន់​គ្រឿង ខណៈ​ពីមុន​​មានតែ ៨០០​គ្រឿង​ប៉ុណ្ណោះ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង​សាធា​រ​ណ​ការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ចាប់តាំងពីមានការពង្រឹងការត្រួតពិនិត្យ​លក្ខណៈ ​បច្ចេកទេស ឬឆៀកនេះមក  គឺ​មានការកើនឡើងរថយន្ដចូលមកធ្វើការឆៀក ១គុណ​នឹង​៤ដងនៅកន្លែងឆៀករថយន្ដ ដោយកាលពីពេលមុនមានរថយន្ដ​ចូល​ឆៀក​ក្នុង១ថ្ងៃ​ប្រមា​ណ​​៨០០គ្រឿងតែប៉ុណ្ណោះ។ តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមាន​ការរឹត​​បន្ដឹង​ការត្រួត​ពិនិត្យ​លក្ខណៈបច្ចេកទេស​នៅតាមដឹងផ្លូវគឺមានរថយន្ដចូលម​ក​ឆៀក​ក្នុង​១​ថ្ងៃ​ កើន​ឡើងរហូតដល់​៤,០០០​គ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ឈួន វ៉ន់ បានកត់សម្គាល់ឃើញថា ចំពោះរថយន្ដដែលហួសសុពល​ភាពឆៀកនេះ គឺមាន​រថយន្ដខ្លះមានការហួសសុពលភាពយូរឆ្នាំ និងរថយន្ដខ្លះ​ទៀតអត់ដែលយកមកឆៀកតែ​ម្ដង ដែលធ្វើចរាចរណ៍បើកបរលើដងផ្លូវ។

ឯកឧត្ដមបានបន្ដថា ដោយសារតែបញ្ហានេះ​ហើយ ទើបក្រសួងសា​ធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រសិន​បើមិនមានការពិន័យលើរថយន្ដដែលហួសសុពលភាពនោះទេ ពេល​ដែលអនុវ​ត្ដន៍ច្បាប់​នៅ​លើដងផ្លូវ​នឹងត្រូវប្រឈមមុខនឹងបញ្ហាហួសសុពលភាពឆៀក​នេះទៀត​ហើយ។ ឯកឧត្ដមបានបន្ថែមថា បញ្ហា​រថយន្ដដែលមិនទាន់បានមកធ្វើការត្រួត​ពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀកនេះ ក្រសួង​សាធារណការទុកពេលវេលាជូនបង​ប្អូន​ប្រជា​ពល​រដ្ឋរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២០ ហើយបើហួសរយៈ​ពេលកំ​ណត់នេះ នឹងត្រូវពិន័យក្នុង១ថ្ងៃ២,០០០រៀល៕