រឿង​លំអិត​ជុំ​វិញ សត្វទន្សោងពីរក្បាលត្រូវគេបាញ់ងាប់នៅខេត្តមណ្ឌលគិរី

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

ខេត្តមណ្ឌលគិរី៖សត្វទន្សោងពីរក្បាល​ ត្រូវបានគេប្រទះ​ឃើញ​ងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តមណ្ឌលគិរី​ លោក​ អ៊ុំ​ វណ្ណសុភៈ​ បានឱ្យដឹងថា​ ៖ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា​មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន​ ​របស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈេី​ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល​ បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ​ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច​ ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។

លោក​ កែវ​ សុភក៌​ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ សំដែងការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ​បែបនេះ ។ លោកបន្តថា​៖ បានចាត់មន្រ្តីជំនាញចុះធ្វេីការស្រាវជ្រាវ​ ករណីបាញ់សត្វទន្សោងនេះហេីយ​ ដេីម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់។

សូមបញ្ជាក់ថា៖ មួយរយៈនេះក្រុមព្រានព្រៃ ជំនាញខាងបរបាញ់សត្វ ឈានដល់ប្រើកាំភ្លើងកែច្នៃ ប្រើគ្រាប់ជាតិគីមី បាញ់ពេលថ្ងៃ ហើយរក្សាទុកសត្វងាប់ក្នុងព្រៃ ដោយមិនអោយខូចសាច់ លុះពេលយប់ទើបពួកគេចូលទៅយក ដើម្បីបញ្ចៀសពីការចាប់ខ្លួនពីក្រុមសមត្ថកិច្ចជំនាញ ។ ដូច្នេះករណី សត្វទន្សោងពីរក្បាលត្រូវគេបាញ់ងាប់ ក្នុងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី គួរបន្តស្រាវជ្រាវអោយបានដិតដល់ ថាតើត្រូវបានគេបាញ់នៅខាងក្រៅ ហើយរត់មកងាប់ក្នុងដីក្រុមហ៊ុន ឬមួយក៏បុគ្គលិកក្រុមហ៊ុននេះបាញ់..? ខណៈក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នេះកន្លងមកធ្លាប់កាប់ឈើពីខាងក្រៅក្រុមហ៊ុន មកដាក់ចូលក្រុមហ៊ុនផងដែរ៕

ប្រភព៖nkdnews.com