ស្នាដៃ​​ទាំង​នេះ លែង​មាន​ផលិតកម្ម​ណា​យក​ទៅ​ច្រៀង​​ទៀត​ហើយ Galaxy Navatra ទិញ​សិទ្ធិ​ផ្ដាច់​មុខ

កម្សាន្ត
23 Shares

ផលិតកម្ម Galaxy Navatra ប្រកាស​កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា នេះ ថា ផលិតកម្ម​បាន​ទិញ​សិទ្ធ​ស្រប​ច្បាប់​នូវ​មរតក​សំនៀង​ដើម​ដែល​ជា​ស្នាដៃ​តែង​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន ដើម្បី​គ្រប់គ្រង និង​លើក​កម្ពស់​ស្នាដៃ​តែង​និពន្ធ​កវី​ជំនាន់​ដើម។

ផលិតកម្ម​Galaxy Navatra ដែល​កំពុង​វាយលុក​ទីផ្សារ​បទ​ចម្រៀង​ខ្លាំង​នៅ​កម្ពុជា បាន​ស្នើ​ដល់​បណ្ដា​ផលិតកម្ម និង​Chanel Youtube ព្រមទាំង​ប្រព័ន្ធ​Digital ទាំង​អស់​ដែល​បាន​យក​បទ​ចម្រៀង​ទាំង​នោះ​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​រួសរាន់​លុប​ចេញ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២០ ពោល​គឺ​នៅ​មុន​ពេល​ដែល​ផលិតកម្ម​ប្រើ​សិទ្ធ​ស្រប​ច្បាប់​ក្នុង​ការ​ការពារ និង​ប្រយោជន៍​ម្ចាស់​ស្នាដៃ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម Galaxy Navatra បញ្ជាក់​ថា ផលិតកម្ម​ទទួល​បាន​សិទ្ធ​គ្រប់គ្រង​មរតក​សំនៀង​ដើម​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន រយៈ​ពេល​១០​ឆ្នាំ។
បទ​ចម្រៀង​ភាគច្រើន គឺ​សំនៀង​ដើម​របស់​លោក​តា ស៊ិន ស៊ីសាមុត និង​លោក​យាយ រស់ សេរីសុទ្ធា។ ទទឹម​នឹង​ការ​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​លើ​ស្នា​ដៃ​ខាង​លើ​​ផលិតកម្មGalaxy Navatra នឹង​ផលិត​ឡើង​វិញ​ដោយ​រក្សា​ទម្រង់​ដើម នៃ​បទ​ចម្រៀង​ទាំង​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ក៏​​ធ្លាប់​បាន​ចេញ​លិខិត​ព្រមាន​​ រឿង​​រំលោភ​កម្មសិទ្ធិបញ្ញា​នៃ​បទ​ចម្រៀង​ពី​ដើម ជា​​រឿយៗ​ផង​ដែរ ដោយ​បាន​ស្នើ​ឲ្យ​បណ្ដាល​ផលិតកម្ម និង​អ្នក​សិល្បៈ​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​យក​បទ​ចម្រៀង​​ដែល​ជា​មរតក​ដើម និង​ទទួល​បានការ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ពី​ម្ចាស់​ដើម និង​គ្រួសារ មក​ច្រៀង​ឡើង​វិញ ដោយ​មិន​មានការ​អនុញ្ញាត​។

ក្នុង​សេចក្ដី​ប្រកាស​របស់​​ក្រសួង​កន្លង​នោះ ​ក៏​បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុង​ករណី​ដែល​អ្នក​ពាក់ព័ន្ធ​ទាំង​អស់នោះ​នៅ​តែ​បំពាន និង​មិន​ស្ដាប់​តាម​ការ​ណែនាំ​ពី​ក្រសួង​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល។


ទទឹម​នឹង​ការ​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​លើ​ស្នា​ដៃ​នូវ​មរតក​សំនៀង​ដើម​នេះ គេ​​​មិន​ទាន់​ឃើញ​មាន​ផលិតកម្ម​ណា​មួយ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ខ្លួន​បាន​ទិញ​សិទ្ធ​ផ្ដាច់មុខ ដូច​​ផលិតកម្ម Galaxy Navatra​នៅ​ឡើយ​នោះ​ទេ។ ជា​រឿយៗ​គេ​ឃើញ មាន​ បុគ្គល ឬ ផលិតកម្ម​ជា​​ច្រើន បាន​យក​បទ​ចម្រៀង​ដើម​ទាំង​នោះ កែប្រែ​ចំណងជើង ឬ​ខ្លឹមសារ ដែល​​​ធ្វើ​ឲ្យ​ខូច​ទម្រង់​ដើម អាច​នឹង​នាំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ ដែល​ទង្វើ​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ទាំង​ស្រុង។ បែប​នេះ​​ក្ដី គេ​នៅ​មិន​ទាន់​ឃើញ បុគ្គល ឬ ផលិតកម្ម​ណា​មួយ ត្រូវ​បាន ម្ចាស់​ស្នា​ដៃ​នូវ​មរតក​សំនៀង​ដើម ឬ អ្នក​ទទួល​សិទ្ធិ ធ្វើ​ការ​ប្ដឹង​ផ្ដល់ ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​ឡើយ​ទេ៕

23 Shares