អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញខ្មែរដែលមានភាពលេចធ្លោមួយរូប ដោយក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា អ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការយ៉ាងជាម៉ាស៊ីនសេដ្ឋកិច្ចសកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជនខ្មែរ។
ក្រៅពីការងារសង្គម អ្នកឧកញ៉ា គិត ម៉េង ក៏ជាមហាសេដ្ឋីខ្មែរមួយរូប ដែលទទួលបានប្រជាប្រិយ និងអង្រួនបណ្តាញទំនាក់ទំនងសង្គមហ្វេកបុក តាមរយៈការចែករំលែកទុកគំនិតល្អៗ ដល់សហគ្រិន និងយុវជនខ្មែរជំនាន់ក្រោយ។

ទម្រាំឈានមកដល់ចំណុចដូចបច្ចុប្បន្ន តើអ្នកឧកញ៉ា មានផ្នត់គំនិតនិងក្បួនយុទ្ធសាស្រ្តអ្វីខ្លះ ? ខាងក្រោមនេះ ជាផ្នត់គំនិតនិងក្បួនយុទ្ធសាស្ត្រនៅក្រោយភាពជោគជ័យ ដែលអ្នកឧកញ៉ា ធ្លាប់បានចែករំលែកក្នុងពេលកន្លងមក៖
១. ចាប់ផ្តើមជាមួយចក្ខុវិស័យ៖ វាជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យបានជ្រៅ។ ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង។ ជិត៣០ឆ្នាំមុន ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏មានមហិច្ឆតាមួយ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ថ្ងៃនេះខ្ញុំមានទស្សនៈដូចគ្នា ហើយនៅតែបន្តខិតខំធ្វើឱ្យវាក្លាយជាការពិត។
២. រក្សាការសន្យា៖ សុច្ចរិតភាព គឺជាលក្ខណៈយ៉ាងសំខាន់ និងចាំបាច់។ សូមចងចាំថាការចាប់ផ្តើមអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាដែលជាគ្រឹះសំខាន់ក្នុងការផ្តល់នូវអ្វីដែលយើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូអាជីវកម្មរបស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែលអ្នកបានសន្យា។
៣. សន្សំភាពជឿទុកចិត្ត៖ ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុកចិត្តនៅក្នុងអាជីវកម្មបន្តបន្ទាប់ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿទុកចិត្តរបស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់អ្នកទៀតផង។ ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាពក្នុងរយៈពេលវែង៕
អត្ថបទ៖ សន ពុធិកា



