លោក ស្រី សំណាង ជានាយកប្រតិបត្តិក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) យល់ឃើញថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នកអត់ធ្វើនោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ។
កាយល់ឃើញរបស់លោក ស្រី សំណាង ធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍ពិសេស ជាមួយកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ។ លោក ស្រី សំណាង បានលើកឡើងថា អ្នកដែលកាន់តែធ្វើ គឺកាន់តែបរាជ័យ មានតែអ្នក អត់ធ្វើ នោះទេ ដែលអត់បរាជ័យនោះ ហើយកុំសើចពេលដែលគេបរាជ័យ ហើយនេះ មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ វាគឺជាការពិតជាក់ស្ដែង នៅក្នុងសង្គមសព្វថ្ងៃ។
នាយកប្រតិបត្តិក្រុមហ៊ុន ប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ មានបទពិសោធន៍ ជិត២០ឆ្នាំ រូបនេះ បានបន្ដថា នៅពេលដែលឃើញនរណាមួយបើកអាជីវកម្មហើយបរាជ័យ កុំព្យាយាមជាន់ពន្លិច គួរព្យាយាមស្វែងយល់វិញថា តើគាត់បរាជ័យដោយសារអ្វី? នៅពេលដែលគេធ្វើជីវកម្ម ហើយជួបបញ្ហាក្ស័យធន ដោយសារបញ្ហាសេដ្ឋកិច្ចសកល គួរកុំសើច តែគួរព្យាយាមស្វែងយល់វិញ ពីព្រោះម្នាក់ៗជៀសអត់ផុតនោះទេ។ យើងកាន់តែធ្វើ យើងកាន់តែជួបបញ្ហា ហើយភាពបរាជ័យនោះនឹងក្លាយជាបទពិសោធន៍របស់យើង។
លោកបញ្ជាក់ថា នេះមិនមែនជាទ្រឹស្ដីនោះទេ តែវាជាភាពជាក់ស្ដែង។ ភាពបរាជ័យនេះហើយ ជាបទពិសោធន៍ដែល ធ្វើឱ្យ យើងទៅមុខបាន ធ្វើឱ្យថ្ងៃក្រោយយើងអាចវៀងផ្លូវនឹងបាន ហើយក៏ជាចំណុចមួយ ដែលថ្ងៃក្រោយយើងអាចយកទៅចែករំលែកទៅដល់ប្អូនៗជំនាន់ក្រោយ។ ភាពបរាជ័យ ជារឿងដែលមិនគួរខ្មាសគេនោះទេ ត្រូវរៀនរស់នៅជាមួយភាពបរាជ័យ ដើម្បីបង្កើតវាទៅជាបទពិសោធន៍ បង្កើតវាទៅជាភាពជោគជ័យរបស់យើងវិញ។
ជាមួយនឹងការរំលែកពីភាពបរាជ័យ និងកត្ដាដែលនាំឱ្យជោគជ័យលើ ក្រុមហ៊ុន GFG INVESTMENT លោក ស្រី សំណាង បានចែករំលែកផងដែរ នៅកត្ដាពីរយ៉ាង ដែលអ្នកចាប់ផ្ដើមអាជីវកម្មដំបូងគួររៀនសូត្រ នោះគឺ រឿងទី១ គឺភាពស្មោះត្រង់ និងគុណធម៌សម្រាប់អតិថិជន ។ លោកជឿជាក់ថា នៅពេលដែល បងប្អូនធ្វើការលើវិស័យនោះ គឺប្រាកដជា ទទួលបានចំណូលខ្ពស់ ហើយនៅពេលដែលបងប្អូនពូកែក្នុងការប្រឹក្សា ផ្ដល់យោបល់តែបងប្អូន ត្រូវចេះកំណត់ហានិភ័យ និងភាពប្រឈមរបស់អតិថិជន។ ការចេះកំណត់នេះជារឿងសំខាន់។ ពេលដែលអតិថិជន ធ្វើការវិនិយោគ យើងត្រូវធ្វើការ ពន្យល់គាត់ឱ្យលម្អិត បំផុសគំនិតពីការខាត និងចំណេញលើវិស័យមួយនេះ ហើយត្រូវសិក្សាវិស័យហិរញ្ញវត្ថុរបស់អតិថិជន កុំឱ្យពួកគាត់ ទៅខ្ចីលុយពីធនាគារមកធ្វើការវិនិយោគ ដោយសារនៅពេលដែលស្ដាប់ការណែនាំរបស់យើង វាល្អពេក អ៊ីចឹង ធ្វើឱ្យគាត់គិតថា វាអាចចំណេញច្រើន ក៏សម្រេចចិត្ដទៅខ្ចីលុយពីធនាគារ រហូតដល់ការខ្ចីបំណុលឯកជន ដែលនេះជាហានិភ័យសម្រាប់អតិថិជន។
លោក ស្រី សំណាង ពន្យល់ថា អ៊ីចឹងការសិក្សាជាមួយអតិថិជន គឺជាផ្នែកមួយ ដែលត្រូវផ្ដល់ប្រឹក្សាដល់អតិថិជនជាប្រចាំ និយាយឱ្យចំ គឺផែនការនៃការវិនិយោគ ពីព្រោះពេលខ្លះ វិស័យនេះគឺជាល្បែង ហើយមិនមែនវិស័យនេះតែមួយនោះទេ គឺគ្រប់វិស័យទាំងអស់គឺជាល្បែង។ ប្រសិនបើបងប្អូនអត់មានផែនការច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម។ ពាក្យល្បែងគឺជាផ្សង សំណាង អ្នកទាំងអស់គ្នា ធ្វើការវិនិយោគ ធ្វើអាជីវកម្ម អត់មានផែនការ គឺជាការវិនិយោគ ឬអាជីវកម្មបែបផ្សងសំណាងហើយ។
លោក ស្រី សំណាង បន្ដថា រឿងទី២គឺ ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។ ការធ្វើអាជីវកម្មមួយឱ្យទទួលបាន ជោគជ័យ គឺមិនពិបាកនោះទេ ប៉ុន្ដែបើធ្វើអាជីវកម្មមួយឱ្យជោគជ័យ ហើយមាននិរន្ដភាព នោះគឺជារឿងពិបាក។
លោក ពន្យល់ថា អ៊ីចឹងអ្វីដែលយើងធ្វើឱ្យអាជីវកម្មរបស់យើងបន្ដបាននូវភាពជោគជ័យ និងនិរន្ដភាព នោះគឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ កុំលោភ កុំឃើញគេរកស៊ីវិស័យនោះបាន ហើយស្រវាធ្វើអាជីវកម្មមួយនោះដែរ គឺមិនត្រូវទេ យើងត្រូវផ្ដោតលើអាជីវកម្មទីមួយរបស់យើង។ នៅពេលដែលយើងអត់ផ្ដោត ហើយធ្វើរឿងច្រើនក្នុងពេលតែមួយ ភាគច្រើន គឺយើងនឹងប្រឈម ព្រោះអ្វីៗយើងមិនអាចមើលឃើញឬដឹងមុននោះទេ តួយ៉ាងដូចបច្ចុប្បន្ននេះ ដែលយើងកំពុងជួប នូវវិបត្ដសេដ្ឋកិច្ចសកល។ ដូច្នេះប្រសិនបើពេលនេះបងប្អូនមានអាជីវកម្មច្រើន គឺប្រឈមនឹងបញ្ហាប្រឈមច្រើនមែនទែន ដូចនេះ ទោះបីជាប្អូនធ្វើអាជីវកម្មលើផ្នែកណាក៏ដោយ គឺត្រូវផ្ដោតលើអាជីវកម្មមួយនោះ ហើយប្រសិនបើចង់ពង្រីកអាជីវកម្មរបស់ខ្លួន គឺកុំភ្លេចពង្រឹង ហើយត្រូវហ៊ានគិតពីចំណុចអាក្រកបំផុត នៅពេលដែលស្ថានភាពណាមួយកើតឡើងដែលយើងមើលមិនឃើញ៕