លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។ លោកមានប្រវត្ដជាក្មេងដែលកើតនៅក្នុងគ្រួសារមានម្ដាយជាគ្រូបង្រៀន និងលោកឪពុកមរណភាព តាំងពីលោកមានអាយុ៧ឆ្នាំ។
ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុចម្បងៗមួយចំនួនដែលធ្វើឱ្យលោកជោគជ័យមកទល់ពេលសព្វថ្ងៃនេះ ដោយតស៊ូពីក្មេងដែលទូលលក់នំតាមផ្សារ និងជាអ្នកបើកទ្វាឡានឱ្យគេជាដើម។
ក្រោយពេលរៀនចប់បាក់ឌុប លោក សៅ បានចូលធ្វើការជាជាង និងធ្វើជាបុគ្គលិកនៅក្រុមហ៊ុនមួយនៅខេត្ដព្រះសីហនុរយៈពេល១០ឆ្នាំ។ ដោយការតស៊ូ និងព្យាយាម នៅឆ្នាំ២០១៤ លោកបានសម្រេចចិត្ដបើកក្រុមហ៊ុន អចលនទ្រព្យ ដោយមើលលើនិន្នាការក្រៅប្រទេស ជាពិសេសប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ថៃ ជាពិសេសមើលតាមខ្សែភាពយន្ដ ឃើញថាវិស័យអចលនទ្រព្យយើងកំពុងអភិវឌ្ឍ។
ដោយបទពិសោធន៍នៅក្មេងខ្ចី ក្រុមហ៊ុនរបស់លោក សៅ ហុក នៅក្នុងឆ្នាំដំបូងគឺមិនសូវដំណើរការល្អប៉ុន្មាននោះទេ រហូតដល់ឆ្នាំ២០១៦ មានសកម្មភាពគ្រាន់បើបន្ដិច រហូតដល់ឆ្នាំ២០១៧ ឬ២០១៨ ទើបរីកចម្រើនខ្លាំងមែនទែនលើផ្នែកអចលនទ្រព្យនេះ។
ជាមួយនឹងបទពិសោធន៍ក្នុងការរកស៊ី និងបញ្ហាស្ដារលើវិស័យអចលនទ្រព្យ លោក សៅ ហុក ក៏បានចែករំលែកវិធីសាស្រ្ដចំនួន៤ចំណុច ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។ លោកថាកត្ដាទី១ គឺកត្ដាជម្នះឧបសគ្គ បើធ្វើអ្វីមួយធ្វើឱ្យទាល់តែសម្រេច ដោយមិនបោះបង់នោះទេ បើធ្វើហើយដើរទៅទើសភ្នំ ត្រូវរកមធ្យោបាយឆ្លងកាត់ភ្នំ បើទើសសមុទ្រ ក៏ត្រូវរកមធ្យោបាយជ្រមុជទៅ។ កត្ដាទី២ គឺការតស៊ូ ការអត់ធ្មត់ និងគោលដៅច្បាស់លាស់។ កត្ដាទី៣ គឺភាពស្មោះត្រង់។ ត្រង់នេះ សហគ្រិនដែលរកស៊ីលើវិស័យអចលនទ្រព្យរូបនេះបញ្ជាក់ថា កាលណាយើងមានភាពស្មោះត្រង់ គេនឹងមករកយើង គេនឹងមករកស៊ីជាមួយយើង នឹងធ្វើឱ្យយើងរីកចម្រើន។ បន្ថែមពីនោះ កត្ដាទី៤ គឺការរាប់អាន និងការផ្ដល់ឱ្យ អ្វីដែលយើងអាចផ្ដល់បាន គឺផ្ដល់ឱ្យ ជួយគេ តាំងពីជាចំណេះដឹង បទពិសោធន៍រកស៊ីក្នុងអាជីវកម្ម គឺយើងចែករំលែក។
លោកបញ្ជាក់ជាថ្មីថា ដោយសារកត្ដាទាំងអស់នេះហើយ ទើបធ្វើឱ្យលោកជោគជ័យមកដល់សព្វថ្ងៃ ដោយ មានម្ចាស់អាជីវកម្មច្រើន គាត់មកចូលរួមរកស៊ីជាមួយ ទោះបីជាអាជីវកម្មផ្សេងគ្នាក៏ដោយ ក៏ព្យាយាមជួយគ្នា តួយ៉ាងដូចជាក្នុងស្ថានភាពលំបាកកូវីដ-១៩៕