លោក សៅ ហុក ជាប្រធាន KW ប្រចាំខេត្ដព្រះសីហនុ, ជានាយក BNI នៅខេត្ដព្រះសីហនុ, ជាអនុប្រធានសភាពាណិជ្ជកម្មខេត្ដព្រះសីហនុ ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងខេត្ដព្រះសីហនុផងដែរ។
ផ្ដល់បទសម្ភាសន៍ពិសេសក្នុងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ លោក សៅ ហុក បានទម្លាយមូលហេតុដែលលោកបានសម្រេចចិត្ដនាំយកក្រុមហ៊ុន KW មកកាន់ខេត្ដព្រះសីហនុ ដោយផ្អែកលើកត្ដា៥ចំណុចធំៗ។
លោក សៅ ហុក បានលើកឡើងថា ចំពោះមូលហេតុចម្បងដែលលោកសម្រេចយក KW មកកំពង់សោម ខេត្ដព្រះសីហនុ មាន៥ចំណុចសំខាន់គឺ៖ ១, លោកបានចូលរួមរកស៊ីជាមួយក្រុមដែលខ្លាំង ដោយមានឧកញ៉ា បណ្ឌិត គីម ហ៊ាង ជាប្រធាន និងមានបងៗប្រធាន សាខាKW ផ្សេងៗទៀត ដែលគាត់បានជោគជ័យលើវិស័យអចលនទ្រព្យ តាមរយៈKW។ ២, លោកមើលឃើញថា KW មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលមានអាយុ៤១ឆ្នាំ ជាក្រុមហ៊ុនចាស់ ហើយភ្នាក់អចលនទ្រព្យ គឺមានវគ្គបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ក្នុងការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនេះ។
លោកបានបន្ថែមទៀតថា ចំពោះមូលហេតុទី៣គឺ KW មានសមាជិកសម្រាប់ធ្វើការច្រើន រហូតដល់ជាង២០ម៉ឺននាក់។ ៤, ការបែងចែកភាគលាភ មានទម្រង់បែងចែកបានល្អ រវាងអ្នកដាក់អចលនទ្រព្យចូល និងអ្នកលក់ និងអ្នកគ្រប់គ្រង។៥, KW ជាក្រុមហ៊ុនវិស័យអចលនទ្រព្យបែបឌីជីថល បច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងល្អជាងស្ថាប័នផ្សេង។
សូមជម្រាបជូនថា KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ និងមានក្រុមការងារជិត ២សែននាក់ នៅទូទាំងពិភពលោក៕