លោក ឡុង បូរ៉ា បង្ហាញមហិច្ឆតាអភិវឌ្ឍលើវិស័យអចលនទ្រព្យ ទាក់ទាញវិនិយោគិនក្រៅស្រុកមកបណ្ដាក់ទុន លើកស្ទួយការអភិវឌ្ឍនៅកម្ពុជា

សេដ្ឋី និងមុខជំនួញ

លោក ឡុង បូរ៉ា នាយកប្រតិបត្ដិក្រុមហ៊ុន នាគរាជអចលនទ្រព្យ និងជាទីប្រឹក្សាផ្ទាល់របស់គណសង្ឃនាយក ទូទាំងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមហិច្ឆតា ក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ទាក់ទាញវិនិយោគិន ក្រៅស្រុកមកបណ្ដាក់ទុននៅកម្ពុជា លើកស្ទួយការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញមហិច្ឆតារបស់ស្ថាបនិក នាគរាជអចលនទ្រព្យ នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយ នឹងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលកន្លងទៅ។

លើកឡើងប្រាប់កម្មវិធី សេដ្ឋី និងជំនួញ លោក ឡុង បូរ៉ា បានប្រាប់ឱ្យដឹងថា លោកជាកូនដែលមានកំណើតនៅតាមខេត្ដ (ខេត្ដត្បូងឃ្មុំ) និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជា នៅរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក។ ក្រៅពីនោះ លោក ក៏បានសិក្សាពីចំណេះវិជ្ជាសកល ព្រមទាំងទទួលបានបណ្ឌិតកិត្ដិយស ថ្នាក់នាយកប្រតិបត្ដិល្អ ក្នុងប្រទេសថៃ ទទួលស្គាល់សម្រាប់នាយកប្រតិបត្ដិនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ឡុង បូរ៉ា បានបង្ហាញពីសាវតាដែលធ្វើឱ្យលោកក្លាយជានាយកប្រតិបត្ដិក្រុមហ៊ុន នាគរាជអចលនទ្រព្យ មកទល់ពេលសព្វថ្ងៃនេះ ដោយលោកបានខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០១៣ ដោយនៅពេលនោះ លោកបាន បង្កើត ជាសមាគមទំនៀមប្រពៃណីខ្មែរ និងសេវាសង្គម។ លុះដល់ឆ្នាំ២០១៨ លោកបានសម្រេចបើក ក្រុមហ៊ុន នាគរាជអចលនទ្រព្យនេះតែម្ដង ដោយក្រុមហ៊ុនរបស់លោក ធ្វើការលើការទិញលក់ ជួល និងការបំផុសទៅលើវិស័យអចលនទ្រព្យ។

ជាមួយនឹងការបើករកស៊ីអាជីវកម្ម លើវិស័យអចលនទ្រព្យនេះ លោក ឡុង បូរ៉ា មានមហិច្ឆតាអភិវឌ្ឍលើ អាជីវកម្ម របស់ខ្លួន ឱ្យក្លាយជាអាជីវកម្មមួយដ៏មានសក្ដានុពល ដែលអាចធ្វើការទាក់ទាញវិនិយោគទុន វិនិយោគិន ក្រៅប្រទេសចូលមកធ្វើការសហការនៅក្នុងក្រុមហ៊ុន នាគរាជអចលនទ្រព្យ ក៏ដូចជាចូលរួមចំណែកជាមួយ រាជរដ្ឋាបាល ចូលរួមជាកម្លាំងចលករលើកស្ទួយការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងការបង្ហាញមហិច្ឆតានេះ លោក ឡុង បូរ៉ា បានចែករំលែកចំណុចមួយចំនួនដល់ប្រជាពលរដ្ឋ កម្ពុជា ផងដែរ ដើម្បីការពារកុំឱ្យចាញ់បោក ឬខាតបង់ប្រាក់លើវិស័យអចលនទ្រព្យ។ លោកបានលើកឡើងថា ប្រជាពលរដ្ឋគួរតែមានភាពវៃឆ្លាតក្នុងការស្រាវជ្រាវព័ត៌មាន។ លោកពន្យល់ថា ឥឡូវនេះ គ្រប់ព័ត៌មានទាំងអស់ គឺសុទ្ធតែបានបង្ហាញ នៅលើប្រព័ន្ធអ៊ិនធើណេត អ៊ីចឹងប្រសិនបើប្រជាពលរដ្ឋចង់ដឹងថា សហគ្រិននឹង ឬ អ្នករកស៊ីនឹង មានបញ្ហារសើបអ្វីខ្លះនៅក្នុងសង្គម បង្កបញ្ហាអ្វីខ្លះដល់សង្គម តើបុគ្គលនឹងអាចជឿទុកចិត្ដបានឬអត់ គឺប្រជាពលរដ្ឋអាចធ្វើការស្រាវជ្រាវរកមើលបាន ដូច្នេះមិនខ្លាចនៅក្នុងការខាតបង់ ទៅលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន នោះទេ។

ស្របជាមួយគ្នានោះ ប្រសិនបើប្រជាពលរដ្ឋជ្រុលដាក់ប្រាក់វិនិយោគលើវិស័យអចលនទ្រព្យហើយ គួរមានចិត្ដ អត់ធ្មត់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្ដិលើផ្នែកហិរញ្ញវត្ថុ។ ជាថ្មីម្ដងទៀត ស្ថាបនិកនាគរាជអចលនទ្រព្យ បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែមានការសិក្សា ស្រាវជ្រាវ ស្វែងយល់ឱ្យបានច្បាស់លាស់ ទើបអត់មានបញ្ហាអ្វីកើតឡើង៕