កាលពីថ្ងៃទី២៨ ឧសភា ព្រះរាជអាជ្ញាវៀតណាមបានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីចោទប្រកាន់ និងឃុំខ្លួនអស់រយៈពេល ៣៤ឆ្នាំទៅលើអ្នកជំនួញជនជាតិអាមេរិកដើមកំណើតវៀតណាមម្នាក់ ដែលមិនមានទោសកំហុស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
បុរសវ័យ ៦៨ឆ្នាំលោក Lam Hong Son ត្រូវបានជាប់ឃុំខ្លួនចំនួនពីរលើក ពោលនៅលើកទីមួយពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ អំឡុងពេលដែលរូបគាត់រួមជាមួយគណៈកម្មាធិការបញ្ជាការប៉ូលីសខេត្ត An Giang បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីបើករោងចក្រផលិតចំណីសត្វ ស្របពេលអាជីវកម្មកំពុងដំណើរការទៅហើយ លោក Son ក៏ត្រូវបានចាប់ខ្លួនពីបទឆបោក ហើយក្រោយមកទៀត នៅពេលគាត់ត្រូវបានដោះលែង Son ក៏ត្រូវបានចាប់ខ្លួនជាលើកទីពីរ ពីបទរំលោភលើសេចក្តីទុកចិត្ត។
នៅក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញាខេត្ត An Giang បានបញ្ជាក់ថា ការចោទប្រកាន់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិកន្លងមកមិនត្រឹមត្រូវទេ ហើយអ្វីដែលបានកើតឡើង គឺគ្រាន់តែជាការជំពាក់ពន្ធ មិនធ្ងន់ធ្ងរដល់ថ្នាក់ឈានទៅរកបទព្រហ្មទណ្ឌនោះឡើយ។ ព្រះរាជអាជ្ញាបានបន្ថែមទៀតថា ការចោទប្រកាន់ និងចាប់ឃុំខ្លួនមិនមានភស្តុតាងច្បាស់លាស់ដូច្នេះ បានធ្វើឲ្យប៉ះពាល់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោក Son ជាខ្លាំង ហើយពិបាកណាស់ក្នុងការសងជំងឺចិត្តទៅកាន់លោកវិញ។ យ៉ាងណាក៏ដោយមានតែការសុំទោសប៉ុណ្ណោះ ដែលអាចជួយសម្រាលភាពឈឺចាប់របស់ Son និងក្រុមគ្រួសារនាពេលកន្លងមកបានមួយកម្រិត។
ក្រោយពីទទួលបានយុត្តិធម៌វិញ លោក Son បានលើកឡើងទាំងក្តុកក្តួលថា៖ ក្រុមគ្រួសាររបស់ខ្ញុំជាជនជាតិវៀតណាម មានដើមកំណើតជាជនជាតិចិន ហើយក៏ជាអ្នកជំនួញល្បីឈ្មោះផងដែរ។ ឪពុករបស់ខ្ញុំតែងតែប្រាប់ថា ត្រូវតែរួមចំណែកជួយអភិវឌ្ឍខេត្ត An Giang ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបើកអាជីវកម្មនៅទីនេះ។
លោកបន្តថា៖ ខ្ញុំមិននឹកស្មានសោះ ថានឹងត្រូវបានគេចាប់ខ្លួន ហើយចោទប្រកាន់ដោយពាក្យមិនពិត និងត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនអស់រយៈពេល ៣៤ឆ្នាំ។ ម្យ៉ាងវិញទៀត ជីវិតគ្រួសាររបស់ខ្ញុំ បានធ្លាក់ដុនដាបចាប់តាំងពីថ្ងៃដែលត្រូវបានគេចាប់ខ្លួនមកម្លេះ ហើយពេលដែលបានចេញពីពន្ធនាគារលើកទីមួយ ទ្រព្យសម្បត្តិដូចជាផ្ទះជាដើមត្រូវបានបាត់បង់ ដ្បិតត្រូវលក់ចេញយកលុយមកផ្គត់ផ្គង់គ្រួសារ។
គួរបញ្ជាក់ថា ថ្វីដ្បិតព្រះរាជអាជ្ញា ក៏ដូចជាអាជ្ញាធរភាគីពាក់ព័ន្ធផ្សេងទៀត បានចេញមុខសុំទោសជាសាធារណៈរួចទៅហើយក្តី ក៏ប៉ុន្តែលោក Son នៅតែមិនទាន់អស់ចិត្ត ហើយក៏កំពុងតែអនុវត្តនីតិវិធីផ្សេងៗ ដើម្បីទាមទារសំណងជំងឺចិត្ត ៦ពាន់លានដុង (២៣៥ ៧១០ដុល្លារ) មកវិញផងដែរ៕