នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហគ្រិនវីម៉ូនៅកម្ពុជា បានរៀបចំសិក្ខាសាលាមួយដើម្បីធ្វើការបណ្តុះបណ្តាលសហគ្រិនស្តីអំពី « ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការគ្រប់គ្រងរបស់សហគ្រាសធុនតូច និងមធ្យម» ដោយមានការអញ្ជើញចូលរួមពីម្ចាស់អាជីវកម្ម ធុរកិច្ចជនជាង ២០០នាក់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ។

នាឱកាសនោះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តាំងនាមតំណាងឲ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងថែមទាំងបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងបញ្ញាសិប្បនិមិត្ត (AI) ថានាពេលសព្វថ្ងៃ AI កំពុងតែវិវត្តន៍យ៉ាងឆាប់រហ័ស ដោយវាបានក្លាយជាឧបករណ៍ក្នុងការផ្លាស់ប្តូរ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឲ្យការគ្រប់គ្រងអាជីវកម្ម ទទួលបានប្រសិទ្ធភាពខ្ពស់។ បញ្ញាសិប្បនិមិត្ត (AI) មានសារៈសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីរក្សាការប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នា ក្រុមហ៊ុន Codingate Technology ដែលមានលោក សុខ សុភមង្គល ជាអគ្គនាយកក្រុមហ៊ុន បានធ្វើបទបង្ហាញជាច្រើនអនេកអំពីបច្ចេកវិទ្យា GateMaster.ai ឧបករណ៍អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ លោក សុខ សុភមង្គល បានផ្តល់បទសម្ភាស៍មកកាន់អង្គភាពសារព័ត៌មាន ឧកញ៉ា ញូស៍ យ៉ាងដូច្នេះថា៖ នៅពេលដែលអាជីវកម្មបានប្រើប្រាស់ ឬបំពាក់នូវបច្ចេកវិទ្យា AI នោះការងារនឹងទទួលបានផលិតភាពខ្ពស់ ចំណេញទាំងពេលវេលា និងការចំណាយ ខុសគ្នាពីអាជីវកម្មដែលមិនបំពាក់បច្ចេកវិទ្យា AI ។ លោកលើកឡើងទៀតថា ពេលដែលយើងបំពាក់ AI នោះម្ចាស់អាជីវកម្មនឹងបន្ធូរបន្ថយការប្រើប្រាស់បុគ្គលិកឲ្យធ្វើការក្នុងរយៈពេលច្រើនថ្ងៃ មកនៅសល់ត្រឹមរយៈពេលតិចថ្ងៃវិញ មួយវិញទៀតនៅពេលដែលការចំណាយថ្លៃ ខណៈការលក់នៅក្នុងទីផ្សារមានតម្លៃខ្ពស់ ហើយផលិតភាពការងារចំណាយពេលយូរទៀតនោះ អាជីវកម្មរបស់យើងក៏នឹងដើរក្រោយគេផងដែរ។

សូមជម្រាបថា បញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាដ៏ឆ្លាតវ័យមួយ ដែលកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយរយៈពេលមួយទស្សវត្សកន្លងមកនេះ ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យជាច្រើន រួមទាំងការអប់រំ ការថែទាំសុខភាព ធុរកិច្ច ភស្តុភារ ថាមពល សេវាកម្ម កម្មន្តសាល ធនាគារ សន្តិសុខ និងដំណើរការសម្រេចចិត្តនានាផងដែរ៕






