ប្រទេសរុស្ស៊ី បានអនុម័តសេចក្តីប្រកាសរួមមួយដោយអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មីសម្រាប់ប្រទេសជាសមាជិក BRICS ដោយផ្អែកលើរូបិយប័ណ្ណជាតិរបស់ពួកគេ ជំនួសប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសលោកខាងលិច ខណ:វាត្រូវបានគេចាត់ទុកថាជាសកម្មភាពមួយ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម និងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើប្រាក់ដុល្លារ។
នៅក្នុងកិច្ចប្រជុំកំពូល BRICS ធ្វើឡើងក្នុងទីក្រុង Kazan កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មី ដែលអាចគេចផុតពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច និងជំនួសប្រព័ន្ធទូទាត់អន្តរជាតិបច្ចុប្បន្ន SWIFT ។
ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ដោយបង្ខំឲ្យរុស្ស៊ីត្រូវស្វែងរកជម្រើសផ្សេង ខណ:ប្រធានាធិបតីរូបនេះ បានស្នើឲ្យមានការបង្កើតវេទិកាវិនិយោគ BRICS ថ្មីមួយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសលោកខាងត្បូង និងបូព៌ា។
ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ លោក ពូទីន បានសង្កត់ធ្ងន់ថា ៖”ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាអាវុធ។ យើងពិតជាមើលឃើញថាវាគឺដូច្នេះពិតមែន។ ខ្ញុំគិតថានេះជាកំហុសធំមួយរបស់អ្នកដែលធ្វើបែបនេះ”។ លោកបន្តថា ជិត ៩៥% នៃពាណិជ្ជកម្មរវាង រុស្ស៊ី និងចិន បច្ចុប្បន្នត្រូវបានធ្វើឡើងជាប្រាក់រូបល និងប្រាក់យ៉ន់។
ជុំវិញការអំពាវនាវនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ គឺជារឿងពិបាក ប៉ុន្តែលោកបានអំពាវនាវឱ្យមានការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសជាសមាជិក BRICS និងផ្តោតលើការប្រើប្រាស់បន្ថែមទៅលើ ធនាគារអភិវឌ្ឍថ្មី ឬហៅកាត់ថា NDB ។
ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ធនាគារ NDB ត្រូវបានបង្កើតឡើងដោយសមាជិក BRICS ទាំង៥ប្រទេសដំបូង នៅក្នុងឆ្នាំ២០១៥ ខណ:ធនាគារនេះត្រូវបានបម្រើជាស្ថាប័នហិរញ្ញវត្ថុមួយ ជំនួសធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិមួយចំនួន រួចមកហើយ៕