យោងតាមកាសែត Washiton Post បានរាយការណ៍ក្នុងពេលថ្មីពេលថ្មីៗនេះថា មហាសេដ្ឋីដែលមានកំណើតអាហ្រ្វិកខាងត្បូង លោក Elon Musk ធ្លាប់បានធ្វើការដោយខុសច្បាប់នៅសហរដ្ឋអាមេរិក ក្នុងកំឡុងពេលដ៏ខ្លីមួយ នៅទសវត្សឆ្នាំ១៩៩០ ខណ:ពេលដែលលោកកំពុងចាប់ផ្តើមបង្កើតក្រុមហ៊ុនអាជីវកម្មមួយ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Musk បានមកដល់ទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ១៩៩៥ ដើម្បីចូលរៀននៅសកលវិទ្យាល័យ Stanford ប៉ុន្តែលោកមិនបានចុះឈ្មោះក្នុងកម្មវិធីសិក្សាពេញលេញនៅទីនោះឡើយ។ ផ្ទុយទៅវិញ លោកបែរជាទៅលួចបង្កើតក្រុមហ៊ុនចាប់ផ្តើមដំបូងមួយឈ្មោះថា Software Zip2 ដែលត្រូវបានដាក់លក់នៅឆ្នាំ១៩៩៩ ក្នុងតម្លៃប្រហែល ៣០០លានដុល្លារ។
យោងតាមអ្នកជំនាញផ្នែកច្បាប់អន្តោប្រវេសន៍ ដែលដកស្រង់ដោយប្រភពខាងលើ បាននិយាយថា ការទៅលួចបើកក្រុមហ៊ុននេះ របស់លោក Musk នេះ គឺខុសច្បាប់ ដោយសារតែលោកមិនបានចុះឈ្មោះក្នុងវគ្គសិក្សាពេញលេញនៅសកលវិទ្យាល័យ ដើម្បីទទួលបានការអនុញ្ញាតធ្វើការងារដែលមានសុពលភាព ក្នុងនាមជានិស្សិតឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla និង Space X រូបនេះ បានចេញមុខបដិសេធទាំងស្រុង ដោយនិយាយថាលោកត្រូវបានអនុញ្ញាតឲ្យធ្វើការដោយស្របច្បាប់ នៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនោះ។ លោកថែមទាំងបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា ៖”អំឡុងពេលនោះខ្ញុំមានទិដ្ឋាការ J-1 ដែលបានប្តូរទៅជា H1-B” ។
គួរឲ្យដឹងថាទិដ្ឋាការ J-1 Exchange Visitor អនុញ្ញាតឲ្យនិស្សិតបរទេសទទួលបានការបណ្តុះបណ្តាលផ្នែកសិក្សា នៅសហរដ្ឋអាមេរិក ខណៈពេលដែលទិដ្ឋាការ H1-B គឺសម្រាប់ផ្តល់ការងារបណ្តោះអាសន្ន។
ជម្រាបជូនផងដែរថា រឿងនេះបានកើតឡើង ចំពេលលោក Musk បានចាយលុយជាច្រើន ដើម្បីគាំទ្រជាសាធារណ:ទៅលើបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
លោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំបានបង្ហាញពីជនចំណាកស្រុកថាជាអ្នកឈ្លានពាន និងជាឧក្រិដ្ឋជន ហើយក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតី ចាប់ពីឆ្នាំ២០១៧-២០២១ លោកបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ទាំងស្របច្បាប់ និងខុសច្បាប់៕