គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយសដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណសម្បត្តិ ស្នាដៃ និង គុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។
យោងតាមព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បុគ្គលដែលត្រូវផ្ដល់គោរមងារឧកញ៉ាត្រូវគោរពតាមលក្ខខណ្ឌ និងមានលក្ខណៈសម្បត្ដិមួយចំនួនដូចជា៖ គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ ត្រូវផ្តល់ជូនរូបវន្ត បុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ធំធេងដែលបានចូលរួម អភិវឌ្ឍ និងកសាងជាតិ។
បន្ថែមទៀតនោះ ត្រូវមានគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការចូលរួម បរិច្ចាគធនធានជាថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសម្ភារបរិក្ខារនានាសម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ផ្សេងៗ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម ព្រមទាំងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬ ស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ដោយឡែកសម្រាប់ទំហំទឹកប្រាក់នៃការចូលរួមបរិច្ចាគធនធានឬសម្ភារបរិក្ខារនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិខាងលើ ដែលជាកម្មវត្ថុនៃការផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។
ទន្ទឹមនឹងលក្ខខណ្ឌខាងលើនេះ រូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរដែល ត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិមួយចំនួនផងដែរដូចជា៖ មានប្រវត្តិរូបច្បាស់លាស់ ,មានកិរិយាមារយាទល្អ, ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ និងត្រូវមានមុខរបរស្របច្បាប់៕