កំពូលមហាសេដ្ឋីឥណ្ឌា លោក Gautam Adani ថ្មីៗនេះ បានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ធ្លាក់ចុះអស់ប្រមាណ ១៥ពាន់លានដុល្លារ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ពីបទស៊ីសំណូក។
យោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Adani Group រូបនេះ បានថយចុះមកនៅត្រឹម ៧២ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះ ១៥% គិតចាប់តាំងពីដើមឆ្នាំនេះមក។
គួរឲ្យដឹងផងដែរថា លោក Adani ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ពីបទជួយជំរុញលើផែនការសូកប៉ាន់ដែលមានតម្លៃប្រមាណ ២៥០លានដុល្លារ ដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីយកឈ្នះលើគម្រោងកិច្ចសន្យាថាមពលពន្លឺព្រះអាទិត្យ ហើយបានជួយលាក់បាំងផែនការពីអ្នកវិនិយោគអាមេរិកដែលពួកគេបានផ្តល់ទុនសម្រាប់គម្រោងនេះ។
ទន្ទឹមនឹងនេះ ការចោទប្រកាន់មកលើលោក Adani ក៏បានធ្វើឲ្យបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗរបស់ Adani Gourp ធ្លាក់ចុះភាគហ៊ុនរបស់ខ្លួនផងដែរ ដោយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Adani Enterprises បានធ្លាក់ចុះ ២២,៦% កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលភាគហ៊ុនក្រុមហ៊ុន Adani Energy Solutions បានថយចុះប្រមាណ ២០% ។
ជម្រាបជូនផងដែរថា លោក Adani នៅតែជាប់ឈ្មោះជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទីពីរនៅអាស៊ី តាមពីក្រោយដោយលោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៩៤ពាន់លានដុល្លារ៕