ឥណ្ឌា គ្រោងកាត់បន្ថយពន្ធលើការនាំចូលរបស់អាមេរិកមានតម្លៃជាង ២០ពាន់លានដុល្លារ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ កំពុងបើកចំហរលទ្ធភាពក្នុងការកាត់បន្ថយពន្ធលើការនាំចូលទំនិញរបស់អាមេរិកជាងពាក់កណ្តាល ដែលមានតម្លៃស្មើទៅនឹងប្រមាណ ២៣ពាន់លានដុល្លារ សម្រាប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលភាគីប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងការចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង ចំពេលប្រទេសឥណ្ឌា ព្យាយាមចង់កាត់បន្ថយផលប៉ះពាល់នៃផែនការពន្ធគយទូទាំងពិភពលោករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងគ្រោងចូលជាធរមាន ចាប់ពីថ្ងៃទី២ ខែមេសាតទៅ ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដ៏ធំមួយដែលនឹងផ្តល់ការរំខានដល់ទីផ្សារ។

យ៉ាងណាមិញ នៅក្នុងការវិភាគផ្ទៃក្នុង រដ្ឋាភិបាលទីក្រុងញូវដេលីបានប៉ាន់ប្រមាណថា ផែនការពន្ធគយនេះ នឹងប៉ះពាល់ដល់ប្រហែល ៨៧% នៃការនាំចេញសរុបរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកដែលគិតជាទឹកប្រាក់សរុបប្រមាណ ៦៦ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណា ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ ឥណ្ឌា នឹងយល់ព្រមបើកចំហរក្នុងការកាត់បន្ថយពន្ធ ៥៥% នៃទំនិញអាមេរិកដែលខ្លួនបាននាំចូល មកនៅត្រឹមចន្លោះពី ៥% ទៅ ៣០% វិញ។

មិនតែប៉ុណ្ណោះ បើយោងតាមប្រភព​មួយ​ដែលដឹងពីបញ្ហានេះ បាន​និយាយ​ថា ក្នុង​ប្រភេទ​ទំនិញ​ខ្លះ រដ្ឋាភិបាល​ឥណ្ឌា ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយក្នុង​ការ​ទម្លាក់​ពន្ធ​យ៉ាង​ខ្លាំង ឬ​សូម្បី​តែ​លុប​ចោល​ទាំង​ស្រុង​ផងដែរ ទៅលើ​ទំនិញ​នាំ​ចូល​ដែល​មាន​តម្លៃ​សរុបប្រមាណជាង ២៣ពាន់​លាន​ដុល្លារ​ ពី​សហរដ្ឋ​អាមេរិក។

យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញឲ្យដឹងថា ជារួមមកផលប៉ះពាល់ពន្ធគយលើទំនិញជាមធ្យមដែលសហរដ្ឋអាមេរិក ដាក់លើឥណ្ឌាមានត្រឹមតែប្រហែល ២,២% ប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសឥណ្ឌាមាន ១២%។ សហរដ្ឋអាមេរិក មានឱនភាពពាណិជ្ជកម្មសរុប ៤៥,៦ពាន់លានដុល្លារជាមួយឥណ្ឌា៕