កម្ពុជា ត្រូវការពេល ១០ឆ្នាំទៀតប្រែក្លាយផ្លូវជាតិ ផ្លូវខេត្តទៅជាផ្លូវបេតុងកៅស៊ូ ៤គន្លងទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន លើកឡើងអះអាងបែបនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា កន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។ នេះបើតាមការឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ជាមួយប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ក្នុង​មួយ​ឆ្នាំៗ រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​លើ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៅ​ម្ចាស់​យានយន្ត​ទាំងអស់ មិន​ត្រូវ​ដឹក​លើស​ចំណុះ​ខុស​ពី​ច្បាប់​កំណត់ ដើម្បី​កុំ​ឲ្យ​ផ្លូវ​ឆាប់​រេចរឹល និង​ខូចខាត​តទៅទៀត។

នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ សម្តេចបន្ថែមថា គោលនយោបាយទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ដែលសម្រេចដាក់ចេញជិត ៤០ឆ្នាំមកហើយនោះ គឺពិតជាត្រឹមត្រូវ ហើយនឹងបន្តត្រឹមត្រូវក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត។

យោងតាមសៀវភៅថវិកាសង្ខេបឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានឱ្យដឹងថា ចំណាយសរុបថវិការដ្ឋ ឬ ថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣៤ ៧០៨ ៦៣០ លានរៀល, សមមូលនឹងប្រមាណ ៨,៥ ពាន់លានដុល្លារអាម៉េរិក, ស្មើនឹង ២៧,៩៥%នៃផ.ស.ស. មានកំណើន ៨,៤%ធៀបនឹងច្បាប់ឆ្នាំ ២០២១; ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២០ ៨៥០ ៤៤០ លានរៀល, សមមូលនឹងប្រមាណ ៥,១ ប៊ីលានដុល្លារអាមេរិក, ត្រូវជា ១៦, ៧៩% នៃផ.ស.ស. កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះដែរ សម្រាប់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ មានចំនួន ៣៩ ២០៦ ២០៥ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ត្រូវជា ២៩,៨៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន ១៣,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣៕