“បើនិយាយពីមុខរបរ ២៥០០រៀល គឺជាមុខរបរធ្វើឱ្យអាជីវកម្មខ្ញុំមានពន្លឺឡើង ហើយមានដើមទុនយកមកបង្កើតក្រុមហ៊ុន លក់ផលិតផលគ្រួសារកក់ក្ដៅ ដល់សព្វថ្ងៃនេះ”។ នេះជាការលើកឡើងរបស់ អ្នកស្រី អុឹម សុភ័ក្រ ភរិយារបស់ឧកញ៉ា អ៊ុច សម្បត្តិ និងជាអគ្គនាយិកា ក្រុមហ៊ុនគ្រឿងសម្អាង គ្រួសារកក់ក្ដៅ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Oknha News នាពេលកន្លងមក។
ម្ចាស់គំនិតអាជីវកម្ម បង្កើតម៉ាកយីហោលក់ទំនិញតម្លៃ ២៥០០រៀល ជាមួយស្វាមីដំបូងគេនៅកម្ពុជារូបនេះ បានលើកឧទាហរណ៍ចំៗថា កាលពីជំនាន់តំបន់កម្សាន្ត Dream Land នៅម្ដុំមុខណាហ្គា បើកដំណើរការ ពេលនោះហើយ ដែលរូបលោកស្រី និងស្វាមី (ឧកញ៉ា អ៊ុច សម្បត្តិ) ចាប់ផ្ដើមមានគំនិតបង្កើតមុខរបរ ២៥០០រៀល នេះឡើង។ ពេលនោះ ស្វាមីលោកស្រី ជាអ្នករៀបចំយុទ្ធសាស្ត្រ ហើយលោកស្រី ជាអ្នកឡើងទៅយកទំនិញបោះដុំពីផ្សារអូរឬស្សី មកតម្រាបលក់ក្នុងតូប ២៥០០ ជូនអតិថិជន។
ក្នុងមួយរៈពេលដ៏ខ្លី អាជីវកម្មលក់ទំនិញតម្លៃធូរថ្លៃ ទំនិញមួយ លក់ក្នុងតម្លៃតែ ២៥០០រៀល របស់ពួកគាត់ទាំងពីរ ដំណើរការទៅយ៉ាងរលូន និងជោគជ័យលើសពីការរំពឹងទុក។ ជាបន្តបន្ទាប់ ពួកគាត់ ក៏ឈានដល់ពង្រីកសាខាហាងលក់ទំនិញ ២៥០០រៀល ហូរហែ និង មុនគេនៅស្រុកខ្មែរ។ តែបានមួយរយៈ ក៏បិទទៅវិញដែរ ដោយសារតែគំរូអាជីវកម្មបែបនេះ មានអ្នកបើកច្រើនដូចផ្សិត។
យ៉ាងណា អ្នកស្រី ហុឹម សុភ័ក្រ ពន្យល់ថា៖ “ការរកស៊ី តែងតែមានខុសខ្លះ ត្រូវខ្លះ ចៀសមិនផុតទេ! ពេលខ្លះ យើងបានគិត និងធ្វើការប្រុងប្រយ័ត្នហើយ ប៉ុន្តែយើងអាចនឹងមានការធ្វេសប្រហែសលើចំណុចណាមួយ”។
អគ្គនាយិកា ក្រុមហ៊ុនគ្រឿងសម្អាងស្ត្រីពីចុងជើង ដល់ចុងសក់ដដែលរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖ “មួយទៀត គឺបញ្ជី និយាយជារួម មនុស្សយើងបរាជ័យខ្លាំងជាងគេ ពាក្យថា បញ្ជី គឺជាពាក្យមួយសាមញ្ញ ហើយអ្នកណាក៏យល់ដែរ ប៉ុន្តែពេលដែលយើងធ្វើកិច្ចការអ្វីមួយ វាមានរឿងរ៉ាវស្មុគស្មាញជាច្រើន ដែលយើងត្រូវគ្រប់គ្រងទៅលើហ្នឹង។ អុីចឹង ពេលដែលយើងច្បាស់ពីបញ្ជី មានន័យថា យើងច្បាស់ពីគោលដៅរបស់យើងដែរ”។
នៅពីក្រោយភាពជោគជ័យលើមុខរបរជាច្រើន ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍បើកអាជីវកម្ម និងក្រុមហ៊ុន គ្រួសារកក់ក្ដៅ អ្នកស្រី ហុឹម សុភ័ក្រ អះអាងថា ឧកញ៉ា អ៊ុច សម្បត្តិ គឺជាមនុស្សម្នាក់ដែលពូកែ ពោលគឺគាត់ ខ្លាំងក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងធ្វើទីផ្សារ៕
សូមទស្សនាវីដេអូលម្អិតទាំងស្រុងដូចខាងក្រោម៖