ម្ចាស់សហគ្រាស កីតម្បាញខ្មែរ ហៅថា KTK បានអះអាងថាផលិតផលធ្វើឡើងពីដៃ ដូចជាស៊ឹងខ្មែរ ហូលខ្មែរ ក្រម៉ាខ្មែរ និងផាមួងខ្មែរ បច្ចុប្បន្ននេះ កំពុងទទួលបានការពេញនិយមប្រើប្រាស់ពីមន្ត្រីរាជការ ដែលមានមុខងារ ឬតួនាទីថ្នាក់ជា ឯកឧត្តម លោកជំទាវដែលបម្រើការនៅតាមស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកធ្វើធុរកិច្ចនៅក្នុងសង្គម។

អ្នកស្រី ចេន សុភាព ម្ចាស់សហគ្រាស កីតម្បាញខ្មែរ (KTK) បានឱ្យដឹងថា សហគ្រាសកីតម្បាញខ្មែរ ជាសហគ្រាសផលិតសម្លៀកបំពាក់ពីក្រណាត់ស៊ឹងខ្មែរ ហូលខែ្មរ,ក្រម៉ាខ្មែរ និងផាមួងខ្មែរ យើងទទួលបានការគាំទ្រ ខ្លាំងពីប្រជាជននៅក្នុងប្រទេសរបស់យើង ហើយអតិថិជន ដែលជាជនជាតិខ្មែររស់នៅបរទេស ដូចជានៅសហរដ្ឋអាមេរិក, អូស្ត្រាលី, ញ៉ូហ្សាឡែន, ស្វីស និងកាណាដាជាដើម។
អ្នកស្រី ចេន សុភាព សង្កត់ធ្ងន់ថា៖ “សន្ទុះនៃការកើនឡើងពីការប្រើប្រាស់ផលិតផលខ្មែរ បានធ្វើឱ្យសហគ្រាសកីតម្បាញខ្មែររបស់យើងទទួលបានជោគជ័យច្រើនគួសម ហើយនៅក្នុងរយៈ៨ឆ្នាំ ដែលយើងដើរនៅលើទីផ្សារ គឺយើងតែងមានវត្តមានជាមួយអតិថិជនជាប់រហូត និងទទួលបានពានរង្វាន់ជ័យលាភីកម្រិតថ្នាក់ជាតិនិងថ្នាក់តំបន់នៅក្នុង ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការគាំទ្រ ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល” ។

តាមម្ចាស់សហគ្រាសកីតម្បាញខ្មែរ ខាងលើថា ចាប់តាំងពីធ្វើអាជីវកម្មផលិត ស៊ឹង, ហូល, ក្រម៉ា និងផាមួងខ្មែរ ពី១០គ្រួសារនៅឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃនេះ សហគ្រាសមានជាង ៤០០គ្រួសារ កំពុងធ្វើការជាមួយគ្នា ហើយផលិតផលរបស់សហគ្រាសលក់ដាច់ ឬពេញនិយមច្រើន នៅថ្ងៃសិទ្ធិនារី ៨មីនា និងរដូវកាលរៀបចំអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរ។ ស៊ឹង ហូល ក្រម៉ា និងផាមួងខ្មែរ ធ្វើឡើងដោយដៃនេះ វាមានគុណតម្លៃពិសេសរបស់វា ហើយក៏ជាផលិតផលកេរ្តិ៍តំណែលរបស់ខ្មែរផងដែរ។
អ្នកស្រី មានប្រសាសន៍ថា “តាមបទពិសោធន៍ជាក់ស្តែង ខ្ញុំមើលឃើញថាប្រជាពលរដ្ឋខ្មែរស្រលាញ់ផលិតផលធ្វើឡើងដោយដៃច្រើន ដូចជាមន្ត្រីរាជការនៅគ្រប់ស្ថាប័ន ដែលពួកគាត់ជា លោកជំទាវ ឯកឧត្តម ដែលមានតួនាទីនៅក្នុងស្ថាប័នរដ្ឋ តែងតែគាំទ្រផលិតផលខ្មែរធ្វើដោយដៃ។ លើសពីនេះ ដូចជា សហគ្រិន ម្ចាស់ក្រុមហ៊ុន និងអ្នកជំនួញ រួមទាំងអ្នកគ្រូបង្រៀន មន្ត្រីសង្គមស៊ីវិលពួកគាត់និយមប្រើប្រាស់ច្រើន”។
ទន្ទឹមនិងផលិតផលរបស់សហគ្រាសកំពុងទទួលការគាំទ្រពីអ្នកប្រើប្រាស់, អ្នកស្រី ចេន សុភាពបានធ្វើការអំពាវនាវថា សូមឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលខ្មែរទាំងអស់ មិនថាផ្នែកម្ហូបអាហារ ឬផលិតផលក្រណាត់អ្វីនោះទេ សូមជួយគាំទ្រដល់ការផលិតនៅក្នុងស្រុកហើយប្រើប្រាស់ឱ្យបានច្រើន កាលណាមានការប្រើប្រាស់ច្រើនធ្វើឱ្យម្ចាស់សហគ្រាសនីមួយៗព្យាយាមពង្រឹងគុណភាពផលិតផលឱ្យកាន់តែល្អថែមទៀត ហើយវាក៏ជាការលើកមុខម៉ាត់របស់ប្រទេសជាតិយើងឱ្យមានម៉ាកផលិតផលរបស់យើងមាននៅលើទីផ្សារយើងមានលក់ផលិតផលខ្មែរបានកាន់តែច្រើន កុំឱ្យតែមានផលិតផលបរទេស ខ្ញុំជឿថា នេះគឺជាជោគជ័យមួយដ៏ធំសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា៕ អត្ថបទ៖ សារេត