ហាងគុយទាវទឹកខ្មៅពិសេសមួយកន្លែង នៅលើកោះស្តេច ខេត្តកោះកុង ទទួលបានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋនៅក្នុងភូមិ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលថ្ងៃចុងសប្តាហ៍ខ្លះ អាចលក់បានដល់ទៅជាង ១លានរៀលក្នុងមួយថ្ងៃ។

លោកស្រី ម្ចាស់ហាង ម្លប់ស្វាយដួងចិត្ត បានថ្លែងប្រាប់ដល់ឧកញ៉ាញូស៍ ថា គុយទាវរបស់លោកស្រីខុសគេ ដោយសារទឹកពិសេសខុសគេ រស់ជាតិខុសគេ ព្រោះគ្រឿងផ្សំភាគច្រើនយកមកពីប្រទេសថៃ ហើយម្ចាស់ហាង ដែលជាស្វាមីរបស់លោកស្រីធ្លាប់ធ្វើជាចុងភៅនៅប្រទេសថៃ រយៈពេល១០ឆ្នាំមកហើយ។ បន្ទាប់មក គាត់ក៏មកបើកហាងគុយទាវនៅភូមិកោះស្តេចនេះ ដោយសារគិតថានៅទីនេះមិនទាន់មានគុយទាវទឹកខ្មៅ។

លោកស្រី បានបន្តយ៉ាងដូច្នេះថា៖ “ការបើកហាងគុយទាវមួយនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ ថ្ងៃធម្មតា អាចលក់បានចន្លោះពី ១០ម៉ឺនរៀល ដល់៣០ម៉ឺនរៀល ប៉ុន្តែបើថ្ងៃចុងសប្តាហ៍ពេលខ្លះអាចលក់បានដល់ជាង ១លានរៀលក្នុងមួយថ្ងៃ និងទូទាត់ចំណាយថ្លៃដើមទាំងថ្លៃបន្លែនិងថ្លៃសាច់ អាចសល់ចំណេញបានចន្លោះពី ២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ”។
“សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ តែងមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន ហើយនៅផ្សារនេះល្បីគុយទាវទឹកខ្មៅ ហើយភ្ញៀវដែលមកកម្សាន្តតែងតែចង់ភ្លក់រស់ជាតិ ដោយសារញ៉ាំទៅមានរស់ជាតិជាប់ចិត្ត និងជាពិសេសគុយទាវជើងមាន់។ សម្រាប់ហាងខ្ញុំ ជាកន្លែងគុយទាវតែមួយគត់ ដែលបើកលក់រាល់ថ្ងៃ នៅលើកោះស្តេច ទាំងថ្ងៃធម្មតាចន្ទ-សុក្រ និងថ្ងៃចុងសប្តាហ៍”។ ម្ចាស់ហាង ម្លប់ស្វាយដួងចិត្ត បានបញ្ជាក់បន្ថែម។

លោកស្រី បានបន្ថែមថា ទោះយ៉ាងណា ការលក់រាល់ថ្ងៃនេះ គឺពឹងផ្អែកលើភ្ញៀវទេសចរណ៍ភាគច្រើន ចំណែកឯភ្ញៀវនៅក្នុងភូមិមានចំនួនតិចតួចនោះទេ។ នៅលើកោះស្តេចនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលចិត្តមកលេងកម្សាន្ត ដោយសារមានរីសត ឆ្នេរខ្សាច់ និងមានទេសភាពស្អាតៗជាច្រើន។
សូមជម្រាបជូនថា ហាង គុយទាវទឹកខ្មៅ ម្លប់ស្វាយដួងចិត្ត ស្ថិតនៅជិតផ្សារ ក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្រៅពីគុយទាវទឹកខ្មៅ ហាងម្លប់ស្វាយដួងចិត្ត របស់ប្តីប្រពន្ធមួយគូនេះ ក៏មានលក់ មីឆា បាយឆា បាយផាត់កាផៅ គ្រឿងក្លែម ម្ហូបកម្ម៉ង់ និងបុកល្ហុងផងដែរ ដែលថ្ងៃធម្មតាចន្ទ-សុក្រ ចាប់បើកពីម៉ោង៦ព្រឹក ដល់ម៉ោង ៤រសៀល និងថ្ងៃសៅរ៍-អាទិត្យ ចាប់បើកពីម៉ោង៦ព្រឹក អាចដល់ម៉ោង ៨យប់ ពេលមានភ្ញៀវច្រើន៕






