ខយ តេ កម្ពុជា ទទួលបានអនុលោមភាពសារពើពន្ធប្រភេទ មាស និងជាប់ឈ្មោះក្នុងបញ្ជីសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេប្រចាំឆ្នាំ ២០២២

អាជីវកម្ម

ខយ តេ កម្ពុជា (KOI Thé Cambodia) បានទទួល វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ ហើយបានជាប់ចំណាត់ថ្នាក់លេខ ៨៧​ ក្នុងចំណោមសហគ្រាសដែលបាន បង់ពន្ធច្រើនជាងគេប្រចាំឆ្នាំ ២០២២។ ទូទាំងប្រទេស មានតែសហគ្រាស ២០០ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដោយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ បានថា៖ “យើងមានមោទនភាពណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អតិថិជនគ្រប់រូប។ វិញ្ញាបនបត្រនេះ ជាសមិទ្ធផល និងកិត្តិយសដ៏ថ្លៃថ្លាដែលឆ្លុះបង្ហាញពីការយកចិត្តទុកដាក់មិនរាថយរបស់បុគ្គលិកយើង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវភេសជ្ជៈដែលមានគុណភាពខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងសេវាកម្មដ៏ល្អឥតខ្ចោះ។ យើងប្តេជ្ញាថានឹងបន្តប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ហើយចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសកម្ពុជាយើង”។

វិញ្ញាបនបត្រនេះ ត្រូវបានផ្ដល់ជូនចំពោះតែសហគ្រាស ដែលបានបំពេញកាតព្វកិច្ចពន្ធយ៉ាងខ្ជាប់ខ្ជួន និងបង្ហាញពីកម្រិតស្តង់ដារខ្ពស់ក្នុងប្រតិបត្តិការអាជីវកម្ម។ សមិទ្ធផលនេះគឺជាសក្ខីភាពមួយដែលបង្ហាញថា ខយ តេ បានប្រកាន់ភ្ជាប់នូវឧត្តមភាពក្នុងអភិបាលកិច្ច ការសហការណ៍ល្អ និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសេដ្ធកិច្ច ភាពរីកចម្រើន និងវិបុលភាពរបស់ប្រទេសកម្ពុជា។ ចំណូលរាជរដ្ឋាភិបាលដែលទទួលបានពីការបង់ពន្ធត្រូវបានយកមកដើម្បី ផ្គត់ផ្គង់សេវាសាធារណៈនានា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមសកម្មភាពសង្គមដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។ ខយ តេ សង្ឃឹមថា ការចូលរួមចំណែកបង់ពន្ធនេះនឹងធ្វើជាគំរូដ៏ល្អមួយសម្រាប់សហគ្រាស ផ្សេងៗក្នុងប្រទេសអនុវត្តតាម។

ខយ តេ គឺជាម៉ាកភេសជ្ជៈតែឈានមុខគេ និងធំជាងគេនៅកម្ពុជា ដោយយោងតាមចំនួនហាង ចំណែកទីផ្សារ និងប្រជាប្រិយភាព។ ខយ តេ ត្រូវបានគេស្គាល់ដោយសារភេសជ្ជៈឈ្ងុយឆ្ងាញ់ សេវាកម្មរស់រាយរាក់ទាក់ ការតុបតែងស៊ីវីល័យ និងការផ្សព្វផ្សាយពោរពេញដោយភាពច្នៃប្រឌិត។

ខយ តេ កម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ ២០១៤ មានសាខាចំនួន ៤២ និងផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង ៥០០ នាក់។ ខយ តេ បានបំបែកកំណត់ត្រាជាច្រើនដូចជា ហាងដែលមានអតិថិជនតម្រង់ជួរវែងបំផុត ដែល មានមនុស្សច្រើនជាង ៣,០០០ នាក់ ក៏ដូចជាការលក់ និងធ្វើភេសជ្ជៈខ្ពស់បំផុតក្នុងមួយសាខា ស្មើនឹងចំនួន ៤,១៩៨ កែវ។ ខយ តេ ក៏ទទួលបានពានរង្វាន់ អាជីវកម្មវ័យក្មេងឆ្នើមអាស៊ាន-ចិន ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា និងពានរង្វាន់ក្រសួងទេសចរណ៍ អេកូធុរកិច្ចកម្ពុជាផងដែរ។ ក្នុងឆ្នាំ ២០២៣ នេះ ខយ តេ កម្ពុជា នឺងធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធកម្មវិធី Shaker Master ដែលជាកម្មវិធី ប្រកួតក្រឡុកតែអន្តរជាតិ ដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលនឹងទទួលស្វាគមន៍អ្នកប្រកួតមកពីទូទាំងពិភពលោក៕