លោក សុក សីហា ត្រៀមផ្គត់ផ្គង់មាន់៧ម៉ឺនក្បាលក្នុង១សប្តាហ៍​ចូលទីផ្សារសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

អាជីវកម្ម

ទោះបីជាតម្លៃមាន់សាច់ថ្លៃទាបជាងមាន់៣សាសន៍បន្តិចក្តី​ នៅលើទីផ្សារនាពេលបច្ចុប្បន្ន សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅខេត្តកំពង់ស្ពឺមានគម្រោងធ្វើការផ្គត់ផ្គង់មាន់ទៅលើទីផ្សារប្រមាណ៧ម៉ឺនក្បាល នៅក្នុងមួយសប្តាហ៍សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំការប្រកួតកីឡានៅឆ្នំា២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាម ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ សុក សីហា ខាងលើបានឱ្យឧកញ៉ា ញូស៍ដឹងនៅថ្ងៃនេះថា សព្វថ្ងៃនេះតម្រូវការមាន់៣សាសន៍មានច្រើន ហើយតម្លៃលក់នៅមុខកសិដ្ឋានថ្លៃ៩៣០០រៀលនិងថ្លៃ៩៨០០រៀលលក់នៅដេប៉ូក្រុងភ្នំពេញ ហើយចំពោះមាន់សាច់ថ្លៃ៤៦០០រៀលនិងថ្លៃ៥០០០រៀលក្នុងមួយគីឡូក្រាមនៅដេប៉ូក្រុងភ្នំពេញ។

លោក សុក សីហា មានប្រសាសន៍ថា ទោះបីមានការនំាចូលមាន់ពីប្រទេសជិតខាងមកកម្ពុជាយើងមានខ្លះៗមែន ប៉ុន្តែតម្លៃមាន់៣សាសន៍គឺនៅតែល្អដោយសារតម្រូវការក្នុងស្រុកមានច្រើន (បុណ្យ,ពិធីមង្គលការ) ហើយនៅពេលខាងមុខនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមថែមទៀត អ៊ីចឹងវានិងធ្វើឱ្យតម្រូវការមាន់នៅលើទីផ្សារនិងកើនឡើងថែមទៀត។


លោក គូសបញ្ជាក់ថា «ក្នុងកំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមានពេលវេលាជាង១០ថ្ងៃ ដូចនេះទំាងកសិដ្ឋានខ្ញុំនិងកសិដ្ឋានផ្សេងទៀតនៅក្នុងស្រុក សុទ្ធតែបង្កើនការផលិតឬផ្គត់ផ្គង់មាន់ទៅលើទីផ្សារទំាងអស់ ព្រោះយើងគិតថានៅពេលមានពីធីធំៗបែបនេះ វានិងមានតម្រូវការសាច់មាន់ច្រើន អ៊ីចឹងនៅខាងកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបង្កើនបរិមាណផ្គត់ផ្គង់ពី ២០ទៅ៣០%ទៅលើការផ្គត់ផ្គង់ថ្ងៃធម្មតាពី៥ម៉ឺនក្បាលទៅ៧ម៉ឺនក្បាលនៅក្នុងមួយសប្តាហ៍»។

លោកបន្តថា កាលពេលមុនកាលផ្គត់ផ្គង់មាន់ទៅលើទីផ្សារមានប្រមាណ៥ម៉ឺនក្បាល ក្នុងនោះមាន់សាច់២ម៉ឺន និងមាន់៣សាសន៍ចំនួន៣ម៉ឺនក្បាល តែមកដល់ឥលូវនេះ ខ្ញុំត្រៀមមាន់ចំនួន៧ក្បាលក្នុងនោះមាន់សាច់៣ម៉ឺនក្បាល និងមាន់៣សាសន៍ ៤ម៉ឺនក្បាល តែផុតពីព្រឹត្តិការណ៍ស៊ីហ្គេមនេះទៅខ្ញុំផ្គត់ផ្គង់ដូចថ្ងៃធម្មតាវិញ។

បើតាមលោក សុកសីហា ចាប់ពីពាក់កណ្តាលខែ ៥ទៅការចិញ្ចឹមមាន់របស់លោកនិងមានការកាត់បន្ថយពី៣០ទៅ៤០% ដោយសារនៅខែ៦ឬខែ៧មិនសូវមានបុណ្យទាននិងពិធីមង្គលការច្រើន តែលោកអាចបង្កើនការចិញ្ចឹមឡើងវិញចាប់ពីខែ៩ព្រោះតម្រូវការមាន់នៅលើទីផ្សារមានការកើនឡើងវិញ។

លោក សុក សីហា ការចាប់ចិញ្ចឹមមាន់ទំាងពីប្រភេទនេះលោកចាប់តាំងពីឆ្នំា២០១១ ហើយការផ្គត់ផ្គង់ទៅលើទីផ្សារនៅពេលនោះបានប្រមាណ៣ម៉ឺនក្បាលក្នុងមួយសប្តាហ៍ តែមកដល់សព្វថ្ងៃនេះការផ្គត់ផ្គង់កើនដល់ជិត៣០ម៉ឺនក្បាលក្នុងមួយខែ៕

អត្ថបទ៖សារេត