លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីនហេង រចនាដែកស្មិត ឯ.ក ដែលធ្លាប់មានប្រវត្តិកម្សត់តស៊ូតាំងពីបុគ្គលិកផ្នែកអនាម័យ ចង់លើកស្ទួយសិល្បៈរបស់ខ្មែរ តាមរយៈការបញ្ចូលក្បាច់ខ្មែរ ទៅក្នុងរចនាបថមួយៗនៃផលិតរបស់ក្រុមហ៊ុន ព្រមទាំងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។
ក្រុមហ៊ុន វីនហេងរចនាដែកស្មិត របស់លោកស្រី លី ផល្លី ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកប្រឹក្សា ការរចនា ផលិត និងតម្លើងទ្វាររបង ទ្វារផ្ទះ ចំរឹងលើបង្អួច បង្កាន់ដៃជណ្តើរ វេរ៉ង់ដា និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃដែកស្មិត។
ថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ លោកស្រី លី ផល្លី បានលើកឡើងថា ជាចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុនដែកស្មិតខ្មែរ លោកស្រី មានបំណងលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ តាមរយៈបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលរបស់ក្រុមហ៊ុន និងមានការទទួលស្គាល់ប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។
លោកស្រី បានថ្លែងយ៉ាងដូច្នេះថា៖ “ចំពោះក្បាច់ខ្មែរ បច្ចុប្បន្នគឺយើងផ្តោតខ្លាំងជាងគេ មានន័យថាអតិថិជន ដែលចូលមកទិញផលិតផលដែកស្មិត គឺយើងតែងតែណែនាំទៅលើក្បាច់ខ្មែរមុនគេ។ ទី១ យើងចង់លើកស្ទួយសិល្បៈរបស់ខ្មែរ តាមរយៈការបញ្ចូលក្បាច់ខ្មែរ ទៅក្នុងរចនាបថមួយៗ។ ឧទាហរណ៍ ទ្វាររបង ចំរឹងបង្អួច បង្កាន់ដៃជណ្តើរ វេរ៉ង់ដា គឺសុទ្ធតែបញ្ចូលក្បាច់បានទាំងអស់ អាស្រ័យលើអតិថិជនស្រឡាញ់ដែរ ឬក៏អត់។ ហើយក្បាច់ខ្មែរ ភាគច្រើនយើងយកក្បាច់ភ្ញីទេស ទេពប្រណម រ៉ាហ៊ូចាប់ច័ន្ទ ឬក្បាច់ហនុមាន អ្វីផ្សេងៗ ដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរ បញ្ចូលទៅក្នុងក្បាច់របស់គាត់មួយៗ ហើយយើងរចនាឱ្យស័ក្តិសមទៅនឹងម៉ូដ មិនមែនចេះតែចាប់ដាក់នោះទេ។ យើងរចនាឱ្យស័ក្តិសមហើយ ក្នុងរចនាបថនីមួយៗសុទ្ធតែមានអត្ថន័យរបស់វាទៀត”។
“អតិថិជនដែលស្រឡាញ់វប្បធម៌ខ្មែរច្រើន គឺ១០០% នឹងជ្រើសរើសយកក្បាច់ខ្មែរ។ ក្រុមហ៊ុន វីនហេងរចនា ក៏ជាក្រុមហ៊ុនខ្មែរ និងត្រូវតែលើកស្ទួយអ្វីដែលជារបស់ខ្មែរ ហើយយើងស្រឡាញ់អ្វីដែលយើងមាន។ ចំណុចទី២ យើងចង់ឃើញផលិតផលដែកស្មិត ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក”។ លោកស្រី លី ផល្លី បានបន្ថែម។
សូមជម្រាបថា លោកស្រី លី ផល្លី កើតឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន ៥នាក់ ក្នុងគ្រួសារមួយ ដែលមានប្រវត្តិធ្លាប់រស់នៅក្នុងសំណង់អនាធិបតេយ្យ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធាពេលនោះ លោកស្រីបានតស៊ូរៀនសូត្របណ្តើរ និងធ្វើការបណ្តើរ ដោយចេញធ្វើការតាំងពីថ្នាក់ទី៩ ហើយធ្លាប់ធ្វើជាអ្នកចែកខិតប័ណ្ណតាមផ្លូវ បុគ្គលិកអនាម័យ និងការងារជាច្រើនប្រភេទទៀត អស់រយៈពេលជាង ១៥ឆ្នាំ។ ទោះយ៉ាងណា លោកស្រី បានតស៊ូសិក្សាចប់បរិញ្ញាបត្រ លើជំនាញគ្រប់គ្រងអាជីវកម្ម។
នៅខែវិច្ឆិកា ឆ្នាំ២០១៥ លោកស្រី លី ផល្លី បានប្រមូលប្រាក់សន្សំពីការងារ ធ្វើជាដើមទុន ដោយមានអ្នកចូលរួម សរុបចំនួន ៥នាក់ ចាប់ផ្តើមបង្កើតសិប្បកម្មផលិត និងតម្លើងទ្វាររបង ទ្វារផ្ទះ និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃពីដែកស្មិត នៅលើទីតាំងដីមួយកន្លែង ដែលមានទំហំប្រមាណ ៥x២០ម៉ែត្រ។ ដំណើរការរយៈពេល៤ឆ្នាំ ជំនួញរបស់លោកស្រី បានវិវត្តពីជំនួញបែបលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនមានលក្ខណៈពេញលេញ ដែលមានការទទួលស្គាល់ និងគាំទ្រ ថាជាក្រុមហ៊ុនដែកស្មិតខ្មែរ មានជំនាញជាក់លាក់ និងចាស់លាស់៕