ឯកឧត្តម ជា លីសែ កោតសរសើរនូវការផលិតព័ត៌មានរបស់ Oknha News ប្រកបដោយគំនិតច្នៃប្រឌិត គុណភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ

អាជីវកម្ម

ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញទស្សនកិច្ចនៅការិយាល័យកណ្តាល គេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ (Oknha News) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដំណើរទស្សនកិច្ចនោះ ឯកឧត្តម ជា លីសែ បានកោតសរសើរនូវការផលិតព័ត៌មានប្រកបដោយគំនិតច្នៃប្រឌិតព័ត៌មានមានគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈ ដែលត្រឹមរយៈពេលដ៏ខ្លីគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញនៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមក៏បានណែនាំឲ្យស្ថាប័នគេហទំព័រឧកញ៉ាញូស៍ ត្រូវបង្កើនការច្នៃប្រឌិត បង្កើនសមត្ថភាពតាមសម័យបច្ចេកវិទ្យា ទើបយើងអាចធ្វើការប្រកួតប្រជែងបានក្នុងវិស័យព័ត៌មាន។

លោក យិន សំបូរ សហស្ថាបនិក និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃគេហទំព័រឧកញ៉ាញូស៍ បានលើកឡើងថា ឧកញ៉ាញូស៍បានធ្វើការកែទម្រង់ព័ត៌មាន ធ្វើទំនើបកម្មលើការផ្សាយជាឌីជីថលប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ គោរពតាមច្បាប់នៃកម្ពុជា និងក្រមសីលធម៌ វិជ្ជាជីវៈ។

លោកបន្តថា ឧកញ៉ាញូស៍ ជាសារព័ត៌មានដែលមាតិកាផ្តោតចម្បង លើរាយការណ៏ព័ត៌មានជុំវិញឧកញ៉ា អ្នកឧកញ៉ា មហាសេដ្ឋីពិភពលោក សេដ្ឋកិច្ច ពាណិជ្ជកម្ម សហគ្រិនភាព និងកិច្ចសម្ភាសជាធុរជនល្បីៗ ប្រកបដោយភាពទាន់សម័យបង្កើន ផលវិជ្ជមាន និងកាត់បន្ថយផលអវិជ្ជមានណា ដែលប៉ះពាល់ដល់សង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

លោក យិន សំបូរ មានប្រសាសន៍ថា គេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ បច្ចុប្បន្នក៏បាននិងកំពុងផលិតមាតិកាព័ត៌មានសម្បូរបែបជាច្រើនប្រភេទ ហើយទទួលបានគាំទ្រលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា រួមទាំងវិនិយោគអន្តរជាតិដែលមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា បច្ចុប្បន្នឧកញ៉ាញូស៍បាននឹងសហការផលិតមាតិកាព័ត៌មានអំពីផលិតផល សេវាកម្ម ដំណឹង ជូនក្រុមហ៊ុនធំៗគ្រាក់ៗ និងស្ថាប័ននានាជាច្រើនទម្រង់ប្រកបដោយភាពស៊ីវិល័យនិងគុណភាពខ្ពស់៕