ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាតប្រចាំឆ្នាំ BNI កម្ពុជា ឆ្នាំ២០២៣ នៅ Sokha Siem Reap Resort & Convention Center ខេត្តសៀមរាប ដើម្បីកសាងទំនាក់ទំនងអាជីវកម្មផង និងដុសខាត់គំនិតថ្មីៗក្នុងការអភិវឌ្ឍន៍អាជីវកម្មផង ដោយមានសមាជិកប្រមាណ ១០០០ នាក់ចូលរួម។

ពិធីជួបជុំដ៏ធំមួយក្នុងចំណោមម្ចាស់អាជីវកម្មរាប់ពាន់នាក់នេះ បានធ្វើឡើង កាលពីថ្ងៃទី១១-១២ ខែសីហានេះ។
BNI គឺជាស្ថាប័នដែលជោគជ័យជាងគេបំផុតនៅលើពិភពលោកក្នុងចំណោមស្ថាប័នប្រភេទដូចគ្នា។ បច្ចុប្បន្ននេះមានជាង 10927 Chapter ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង 77+ ប្រទេសដែលរួមមានសមាជិក 309974 រូប។
សមាជិករបស់ BNI កាលពីឆ្នាំទៅបានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន ១៣ លានឱកាស ហើយបង្កើតជាប្រាក់ចំណូលបានជាង ២០ ពាន់លានដុល្លារអាមេរិច។

ក្នុងឆ្នាំ២០២២ សមាជិករបស់ BNI នៅកម្ពុជាបានបោះឱកាសអាជីវកម្មឲ្យគ្នាចំនួន ១១ ម៉ឺនឱកាសដែលបង្កើតជាប្រាក់ចំណូលបានជាង ៩៨លានដុល្លាអាមេរិច។
នៅកម្ពុជាបច្ចុប្បន្ន យើងមាន Chapter ចំនួន ៥២ ហើយមានសមាជិក២៣០០+ នាក់។
លោក ឡុក ស្មីតសាមឌី គឺជា ជាប្រធាន BNI កម្ពុជា បាននាំបណ្ដាញអ្នកជំនួញដ៏ធំជាងគេមកកម្ពុជានេះ នៅឆ្នាំ២០១៣ ហើយលោកក៏បានពន្យល់ពីគោលបំណងនៃការរៀបចំមហា សន្និបាត BNI កម្ពុជា ប្រចាំឆ្នាំនេះឡើងផងដែរថា ៖ “ការរៀបចំមហាសន្និបាត BNI កម្ពុជា ២០២៣ នៅទឹកដីសៀមរាបនេះ គឺដើម្បីឲ្យពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជា និងចង់ឲ្យមានវត្តមានមហាសន្និបាតសកលដែលមានទាំង ៧៧ប្រទេសរៀបចំឡើងនៅកម្ពុជានាឆ្នាំ២០២៥ខាងមុខនេះ”។

សមាជិក ដែលចូលរួមក្នុងមហាសន្និបាត BNI កម្ពុជា២០២៣នេះ បានសម្ដែងការអបអរសាទរ ក្នុងឱកាសដែលបានចូលរួមក្នុងពិធីជួបជុំដ៏ធំប្រចាំឆ្នាំ របស់ BNI នេះ ហើយបានលើកឡើងពីអត្ថប្រយោជន៍ ជាច្រើនក្នុងការចូលរួមជាសមាជិករបស់ BNI កម្ពុជា ដែលបានជួយបង្កើនអាជីវកម្មរបស់ពួកគាត់។
លោក ច្រឹក គឹមផូ ជាស្ថាបនិក Jaya Catering & Events ដែលផ្ដល់ការរៀបចំ 5 Stars Gala Dinner នៅតាមប្រាសាទបុរាណដើម្បីឲ្យគ្រួសារអភិជនទទួលបាននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងមួយជីវិតបានមានប្រសាសន៍ថា៖ ក្នុងនាមខ្ញុំជានាយកប្រត្តិបត្តិ BNI សៀមរាបការរៀបចំមហាសន្និបាត BNI កម្ពុជា ២០២៣ នេះមិនបានត្រឹមតែជួយឲ្យសមាជិតមានការរីកចម្រើនទេ ថែមទាំងបានជួយសេដ្ឋកិច្ចប្រជាជននៅសៀមរាប និងជាពិសេសបានជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យពិភពលោកបានស្គាល់ផងដែរ។

លោក សុខ សំអាត ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Yoopec ដែលជាសេវា Digital Marketing ដែលជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារ និងជួយគ្រប់គ្រងការងារផ្សព្វផ្សាយអនឡាញ ឲ្យការលក់ដល់ចំនុចអតិបរិមា និងជាសមាជិក BNI កម្ពុជា បានមានប្រសាសន៍ថា៖ “បញ្ហារបស់ខ្ញុំមុនចូល BNI បញ្ហាដំបូងនោះគឺថា ខ្ញុំគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំពេលយើងមានឧបសគ្គ យើងអត់មានអ្នកសួរនាំ ។ ហើយចំណេះដឹងនៃការដឹកនាំក្រុមហ៊ុន ចំណេះដឹងនៃការដឹកនាំបុគ្គលិក គឺយើងអត់មានហើយយើងម្នាក់ឯងដូចជាតែលតោល ។ មុនពេលខ្ញុំចូល BNI ខ្ញុំជួបរឿងបញ្ហាជាច្រើន តែបញ្ហាទាំងអស់នោះត្រូវបានដោះស្រាយពេលខ្ញុំចូលរួមជាមួយ BNI។ ខ្ញុំបានទាំងឱកាសអាជីវកម្ម ខ្ញុំបានទាំងអតិថិជន បានទាំងគម្រោងពី BNI បានទាំងការរីកចម្រើនទៀត។ ហើយខ្ញុំលើកទឹកចិត្តបងប្អូនម្ចាស់អាជីវកម្ម ដែលគាត់មិនទាន់បានចូលរួមជាមួយBNI ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ចូលរួមជាមួយ BNI ដើម្បីរីកចម្រើនទាំងអស់គ្នា”។
ប្រធាន BNI កម្ពុជា លោក ឡុក ស្មីតសាមឌី បានពន្យល់ថា ការចូលរួមជាសមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិកនឹងទទួលបាននូវចំណេះដឹងដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងនេះម្ចាស់អាជីវកម្មផ្សេងៗទៀត ក៏មានឱកាសក្នុងការកសាងបណ្ដាញបន្ថែមទៀតជាមួយនឹងសមាជិក ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹងអាជីវកម្មនានា ដែលធ្វើឲ្យពួកគាត់អាចទទួលបាននូវគម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។

លោក ឡុក ស្មីតសាមឌី ជាជាប្រធាន BNI កម្ពុជា បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានស្គាល់ BNI សូមឲ្យគាត់ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាបបាត់ដំបង កណ្តាល និងក្រុងព្រះសីហនុ គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីកអាជីវកម្មរបស់គាត់បាន សូមឲ្យគាត់អញ្ជើញចូល ហើយការចូល BNI នេះគឺល្អមែនទែន”។
BNI កម្ពុជាសង្ឃឹមថា នៅឆ្នាំ ២០២៥ សមាជិករបស់ខ្លួននឹងកើនឡើងដល់ ៥០០០ នាក់ ហើយការផ្ដល់ឱកាសអាជីវកម្មនឹងកើនឡើងដល់ ៥០ ម៉ឺនឱកាសអាជីវកម្ម។
ក្នុងនាមជា BNI Cambodia សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់ BNI Cambodia និងសមាជិកគ្រប់ Chapters ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្តម្ថរបស់មហាសន្និបាតដ៏ធំប្រចាំឆ្នាំរបស់ BNI Cambodia ក្នុងNational Convention ឆ្នាំ២០២៣ នេះផងដែរ៕













