សណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ & មូន ហូថេល (SUN & MOON HOTEL) នៅស្ពានអាកាសក្បាលថ្នល់ របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាប់ឈ្មោះជា “អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ។ នេះបើយោងតាមសេចក្ដីប្រកាសចេញដោយក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី២០ ខែសីហា នេះ ។


សណ្ឋាគារលំដាប់ផ្កាយ ៥ ដែលសាងសង់ប្រកបដោយគំនិតច្នៃប្រឌិត បែបបដិសណ្ឋារកិច្ចនេះ វិនិយោគដោយកូនខ្មែរ ដោយមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាសហគ្រិនឆ្នើមក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច, និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សាន់ & មូន គ្រុប ជាអ្នកផ្ដួចផ្ដើមស្ថាបនា។

SUN & MOON, Riverside Hotel តម្លៃប្រមាណ ៦០លានដុល្លារ ដែលកំពុងឈរជើង បង្អួតសម្រស់ ប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ លំដាប់អន្តរជាតិ និងទទួលស្គាល់ដោយ ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗកន្លងទៅផងនោះ បាននឹងកំពុងរួមចំណែកលើកកម្ពស់មុខមាត់វិស័យទេសចរ និងបដិសណ្ឋារកិច្ចនៅកម្ពុជាឱ្យកាន់តែលេចធ្លោ មិនចាញ់សណ្ឋាគារនៅបរទេសឡើយ។
សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងភ្ញៀវកិត្តយស ដែលជាឥស្សរៈជនជាន់ខ្ពស់ជាច្រើនរូប បានផ្ដល់កិត្តិយសចូលរួមកាត់ខ្សែបូ និងអបអរសាទរ។ សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះសាងសង់ឡើងលើផ្ទៃដីទំហំ ប្រមាណ ១មុឺនម៉ែត្រការ៉េ ដោយមានអាគារកម្ពស់ ៩៩,៩ម៉ែត្រ និងមានជាង ២០០ បន្ទប់គេង ដែលផ្នែកខាងក្នុងបន្ទប់មានបំពាក់សុទ្ធតែសម្ភារៈ និងប្រព័ន្ធសុវត្ថិភាព ស្តង់ដារអន្តរជាតិ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីប្រឡងប្រណាំង “អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” របស់ក្រសួងទេសចរណ៍ បានការវាយតម្លៃ និងដាក់ចំណាត់ថ្នាក់អាជីវកម្មទេសចរណ៍សរុបចំនួន ៣៦ ទីតាំង ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង និងខេត្តសៀមរាបមានចំនួន ០៩ទីតាំង ៕














