លោក សួន ពិសិដ្ឋ ទូតសុឆន្ទៈ បុរី វិមានសំណាង (BA Borey Vimean Samnang) បានលើកឡើងថា ក្នុងនាមជាកូនខ្មែរ កើតលើទឹកដីខ្មែរ យើងគប្បីនិយាយឬបង្ហាញពីអ្វីៗគ្រប់បែបយ៉ាងជាភាពវិជ្ជមាន នៅលើបណ្តាញសង្គម ដើម្បីឱ្យបរទេសបានឃើញ បានស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជា និងជួយទាក់ទាញអ្នកវិនិយោគិនអន្តរជាតិ មកកាន់ទឹកដីកម្ពុជា។

អ្នកនិពន្ធចម្រៀងដ៏ឆ្នើមរូបនេះ បានបង្ហាញសារលើបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងនាមជាកូនខ្មែរ កើតលើទឹកដីខ្មែរ រស់លើទឹកដីខ្មែរ ជាប្រជាពលរដ្ឋខ្មែរ មានជីវិតឈាមជ័រជាកូនខ្មែរ គឺអ្នកត្រូវមានមនសិការ ឆន្ទៈ ហើយអ្នកក៏មានការព្វកិច្ចត្រូវតែចូលរួមបង្ហាញនិយាយតែរាល់គ្រប់អ្វីៗដែលជាភាពវិជ្ជមាន ដែលល្អ នាំជាប្រយោជន៍អស្ចារ្យ មានភាពអភិវឌ្ឍន៍រីកចម្រើនប្រសើរឧត្ដុង្គឧត្ដមរបស់ខ្មែរយើង នៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងឱ្យបរទេស អន្តរជាតិជាសកលបានឃើញ បានស្គាល់ បានដឹង បានឭ ពីភាពអស្ចារ្យរបស់ខ្មែរ។
លោក សួន ពិសិដ្ឋ បញ្ជាក់បន្ថែមថា ធ្វើបែបនេះគឺនឹងបាននាំជាប្រយោជន៍ដល់យើងទាំងអស់គ្នា ព្រមទាំងនាំជាប្រយោជន៍ដល់បរទេសគ្រប់ជាន់ថ្នាក់ និងទាំងពាណិជ្ជករ អ្នកវិនិយោគទុនអន្តរជាតិជាសកល មកវិនិយោគក្នុងប្រទេសរបស់យើង ដើម្បីបន្តបង្កើនការពង្រីកសេដ្ឋកិច្ចក្នុងស្រុកយើង ឱ្យកាន់តែមានវិសាលភាព ភាពរីកចម្រើនជាអតិបរិមា និងការអភិវឌ្ឍន៍ជាវិជ្ជមានកាន់តែខ្លាំងក្លា កាន់តែបន្តភាពរីកចម្រើនសេដ្ឋកិច្ចជាតិ ហើយក៏ដើម្បីយើងទាំងអស់គ្នា និងជាតិខ្មែរ។



គួររំឭកថា លោក សួន ពិសិដ្ឋ បានចុះកិច្ចព្រមព្រៀងជាទូតសុឆន្ទៈជាផ្លូវការរបស់ បុរី វិមានសំណាង ក្រោមវត្តមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ទូទាំងប្រទេស និងជាអគ្គនាយក បុរី វិមានសំណាង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ជានិច្ចកាល លោក សួន ពិសិដ្ឋ តែងតែចែករំលែកនូវទស្សនៈល្អៗ នៅលើបណ្តាញសង្គម ពិសេសទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ៕