បន្ទាប់ពី ភេសជ្ជៈកីឡា វី-អាកទីវ បានដាក់ដំណើរការត្រឹមរយៈពេលខ្លី ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ឥឡូវនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធភេសជ្ជៈកីឡាថ្មី រូបរាងថ្មី ចំនួនពីររសជាតិទៀត គឺភេសជ្ជៈកីឡា វី-អាកទីវក្រហម និងភេសជ្ជៈកីឡា វី-អាកទីវបៃតង ស្របពេលជាមួយនឹងការរៀបចំព្រឹត្តិការណ៍រត់ឡើងអគារដំបូងគេនៅកម្ពុជា V-Active Run Up ដែលចូលរួមដោយគណៈគ្រប់គ្រងក្រុមហ៊ុន អត្តពលិក ក្រុមកីឡាករ សិល្បៈករ សិល្បៈការិនី តារាចម្រៀង យ៉ាងច្រើនកុះករ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ V-Active Run Up គឺជាកម្មវិធីកីឡារត់ឡើងអគារដំបូងបំផុតនៅកម្ពុជា ដែលបានធ្វើឡើងនៅអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃកម្ពស់៣៩ជាន់ ប្រវែង១៨៨ម៉ែត្រ មានស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេ រះយ៉ាងលេចធ្លោចំកណ្តាលរាជធានីភ្នំពេញ ប្រកបដោយសក្តានុពលល្អបំផុត។ កម្មវិធីនេះរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់ការរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែរស់រវើក ប្រកបដោយសុខុមាលភាព ដោយផ្តើមចេញពីសកម្មភាពពលកម្មទូទៅប្រចាំថ្ងៃ ការធ្វើលំហាត់ប្រាណ និងការហាត់កីឡាផ្សេងៗ។
អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍កីឡារត់ឡើងអគារដ៏អស្ចារ្យ ធ្វើឡើងដើម្បីជាសក្ខីភាពអបអរសាទរវត្តមានភេសជ្ជៈកីឡា វី-អាកទីវថ្មីរបស់យើង ដែលនេះបង្ហាញពីឆន្ទៈប្រកបដោយមោទកភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់កម្ពុជា សម្រាប់យើងទាំងអស់គ្នា ដែលចូលរួមជាចំណែកក្នុងការលើកស្ទួយសុខភាព និងសុខមាលភាពសង្គម តាមរយៈការហាត់ប្រាណ និងលេងកីឡាផ្សេងៗ ដោយយើងជ្រើសរើសយកការរត់ឡើងអគារ ព្រោះវាគឺជាសកម្មភាពកីឡាថ្មី ប្លែក មិនធ្លាប់មាន ដែលផ្តល់ឲ្យអ្នកចូលរួមនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្លួនឯង ក៏ដូចជាជំរុញគ្រប់គ្នា ជាពិសេសបុគ្គលិកធ្វើការក្នុងការិយាល័យ ដែលមិនមានពេលគ្រប់គា្រន់សម្រាប់ហាត់ប្រាណ ព្រោះការរត់ឡើងអគារ ឬដើរតាមកាំជណ្តើរទាំងនៅកន្លែងធ្វើការ ឬនៅផ្ទះ ជាលំហាត់ប្រាណមួយងាយៗ ដែលយើងអាចធ្វើបាន»។

ដោយមើលឃើញពីបរិបទនៃការរស់នៅថ្មី និងចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានប្តេជ្ញាចិត្ត រហូតផលិតបានភេសជ្ជៈកីឡាដ៏អស្ចារ្យ គឺភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈកីឡា វី-អាកទីវក្រហម ភេសជ្ជៈកីឡា វី-អាកទីវបៃតង ដែលជាជម្រើសបន្ថែម ដើម្បីឆ្លើយតបទៅតាមតម្រូវការសម្រាប់អតិថិជនដែលនិយមការលេងកីឡា ការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រទ្រង់ និងជំនួយដល់រាងកាយ បន្ទាប់ពីបាត់បង់ ឫខ្សោះជាតិទឹក និងជាតិរ៉ែពីក្នុងខ្លួន។
អ្នកឧញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ទៀតថា៖ «ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡា ជាកិច្ចការដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី-អាកទីវ ទាំងបីរសជាតិ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន ជាមួយភាពស្រស់ស្រាយ។»

លើសពីរសជាតិ និងគុណភាពទទួលស្គាល់តាមស្តង់ដារអន្តរជាតិ អតិថិជនពិសាភេសជ្ជៈកីឡា វី-អាកទីវ ទាំងបីរសជាតិ នឹងមានសំណាងឈ្នះរង្វាន់ជាច្រើនពីក្រវិលកំប៉ុង ចាប់ពី ៥ពាន់រៀល រហូតដល់ ២០លានរៀល ម៉ូតូ Honda Beat ស៊េរីថ្មី និងរថយន្ត Toyota Raize ជាច្រើនរង្វាន់។
វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ដែលបានដាក់ដំណើរការផលិតផលចំនួន១២មុខ រួមមានស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈឡៃ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, ភេសជ្ជៈ វី-អាកទីវ បៃតង, ភេសជ្ជៈកីឡា វី-អាកទីវបៃតង និង ភេសជ្ជៈកីឡា វី-អាកទីវក្រហម ដែលសុទ្ធសឹងតែទទួលបានមេដាយមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ MONDE SELECTION និង WORLD BEER AWARDS។











