លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីនហេង រចនាដែកស្មិត ឯ.ក បានឈ្នះពានរង្វាន់ចំនួនពីរគឺ មេដាយមាស សហគ្រិនឆ្នើមឆ្នាំ២០២៣ និងពានមាសអគ្គនាយកឆ្នើមឆ្នាំ២០២៣ (Outstanding CEO Award 2023) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។


ការទទួលបានពានរង្វាន់កិត្តិយសដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានប្រកាសឡើងក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2023 ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ (CEO Institute)។
លោកស្រី លី ផល្លី ធ្លាប់មានប្រវត្តិកម្សត់តស៊ូតាំងពីបុគ្គលិកផ្នែកអនាម័យ ចង់លើកស្ទួយសិល្បៈរបស់ខ្មែរ តាមរយៈការបញ្ចូលក្បាច់ខ្មែរ ទៅក្នុងរចនាបថមួយៗនៃផលិតរបស់ក្រុមហ៊ុន ព្រមទាំងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្រុមហ៊ុន វីនហេងរចនាដែកស្មិត របស់លោកស្រី លី ផល្លី ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកប្រឹក្សា ការរចនា ផលិត និងតម្លើងទ្វាររបង ទ្វារផ្ទះ ចំរឹងលើបង្អួច បង្កាន់ដៃជណ្តើរ វេរ៉ង់ដា និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃដែកស្មិត។

ថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ លោកស្រី លី ផល្លី បានលើកឡើងថា ជាចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុនដែកស្មិតខ្មែរ លោកស្រី មានបំណងលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ តាមរយៈបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលរបស់ក្រុមហ៊ុន និងមានការទទួលស្គាល់ប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។

លោកស្រី លី ផល្លី កើតឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន ៥នាក់ ក្នុងគ្រួសារមួយ ដែលមានប្រវត្តិធ្លាប់រស់នៅក្នុងសំណង់អនាធិបតេយ្យ។ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធាពេលនោះ លោកស្រីបានតស៊ូរៀនសូត្របណ្តើរ និងធ្វើការបណ្តើរ ដោយចេញធ្វើការតាំងពីថ្នាក់ទី៩ ហើយធ្លាប់ធ្វើជាអ្នកចែកខិតប័ណ្ណតាមផ្លូវ បុគ្គលិកអនាម័យ និងការងារជាច្រើនប្រភេទទៀត អស់រយៈពេលជាង ១៥ឆ្នាំ។ ទោះយ៉ាងណា លោកស្រី បានតស៊ូសិក្សាចប់បរិញ្ញាបត្រ លើជំនាញគ្រប់គ្រងអាជីវកម្ម រហូតអាចបើកមុខជំនួញផ្ទាល់ខ្លួនវិវត្តខ្លួនកាន់តែខ្លាំងឡើងៗមកដល់បច្ចុប្បន្ន៕





