កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CheckinMe ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកដ៏ទំនើបក្នុងស្រុក និងក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានចាប់ដៃគ្នាក្នុងភាពជាដៃគូក្នុងគោលបំណងធ្វើបដិវត្តន៍ និងឌីជីថលនីយកម្មលើប្រព័ន្ធធនធានមនុស្សនៅកម្ពុជា។

ក្រុមហ៊ុនទាំងពីរបានសហការរៀបចំសិក្ខាសាលា “HR Go Digital” ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នៅភោជនីយដ្ឋាន ទន្លេបាសាក់ II ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងវាគ្មិនល្បីៗជាច្រើនរូប ។

សិក្ខាសាលា “HR Go Digital” មានការចូលរួមយ៉ាងច្រើនលើសលប់នៃអ្នកចូលរួមជាង ១០០ នាក់ ដែលមានតួនាទីជាច្រើនដូចជា អ្នកគ្រប់គ្រងធនធានមនុស្ស ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងផ្នែកលក់។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្មប៉ុណ្តោះទេ ថែមទាំងផ្តល់នូវការយល់ដឹងដ៏មានតម្លៃខាងផ្នែកឌីជីថលនីយកម្មនៃការគ្រប់គ្រងធនធានមនុស្សផងដែរ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart និង CheckinMe បានបង្កើតភាពជាដៃគូជាផ្លូវការ ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ MoU នេះត្រូវបានចុះហត្ថលេខាដោយលោកស្រី Mila ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart និងលោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe។

តាមរយៈការសហការជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា។ ក្រុមហ៊ុន CheckinMe មានគោលបំណងពន្លឿនការទទួលយកការអនុវត្តធនធានមនុស្សបែបឌីជីថលនៅទូទាំងប្រទេសដោយជំរុញឱ្យមានផលិតភាព និងការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់អាជីវកម្មកម្ពុជា ដោយផ្តល់នូវបច្ចេកវិទ្យាទំនើប សម្រាប់ផ្នែកធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់ ។
លោកស្រី Mila ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ CheckinMe ដោយសារយើងជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលវិជ្ជមាន នៃដំណោះស្រាយបែបឌីជីថល។ សិក្ខាសាលានេះបង្ហាញពីការបើកទំព័រថ្មី សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជាតាមរយៈបច្ចេកវិទ្យាដែលជំរុញប្រសិទ្ធភាពសម្រួលដល់ដំណើរការគ្រប់គ្រង និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវក្តីរីករាយដោយមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart និងរួមបញ្ចូលគ្នានូវជំនាញរបស់យើងដើម្បីធ្វើបដិវត្តន៍លើផ្នែកធនធានមនុស្សនៅកម្ពុជា។ ដំណោះស្រាយដ៏ទំនើបរបស់យើងនឹងជួយឱ្យអាជីវកម្មមានភាពប្រសើរឡើងលើដំណើរការធនធានមនុស្ស ធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងបុគ្គលិក បង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់អង្គភាពទាំងមូល។”

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានថ្លែងថា “ពិតណាស់ ការចេះជំនាញឌីជីថល គឺជាកត្តាមួយសំខាន់ និង ជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ចំណេញពេលវេលា ជាងការធ្វើតាមបែបបុរាណ។ អ្នកឧកញ៉ា បន្តថា ចំពោះម្ចាស់អាជីវកម្ម និងបុគ្គលិកគ្រប់ជាន់ថ្នាក់ គួរបង្កើនលើជំនាញ វិទ្យាសាស្រ្ត ឌីជីថល ដែលជាជំនាញមួយត្រូវនឹងបរិបទក្នុងសម័យកាលឌីជីថលនេះ។”
ភាពជាដៃគូរបស់ក្រុមហ៊ុន Smart និងក្រុមហ៊ុន CheckinMe បង្ហាញតាមរយៈភាពជោគជ័យនៃសិក្ខាសាលា “HR Go Digital” ដែលត្រួសត្រាយផ្លូវវិស័យធនធានមនុស្សទៅកាន់ឌីជីថលនៅកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួមគ្នានៃការផ្តល់ភាពងាយស្រួលដល់អាជីវកម្មតាមរយៈបច្ចេកវិទ្យាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត កិច្ចសហការនេះចង្អុលបង្ហាញផ្លូវដល់អង្គភាពអំពីដំណើរការ និងការរីកចម្រើនលើផ្នែកធនធានមនុស្សក្នុងយុគសម័យឌីជីថល។
កុំភ្លេច ចូលរួមលើកម្ពស់អាជីវកម្មកម្ពុជា ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក ឆែកអ៊ីនមី”។






