ក្រុមហ៊ុន PIC Tire Co.,Ltd ដែលមានរោងចក្រផលិតសំបកកង់នៅក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា បានសម្ពោធជាផ្លូវការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ខណៈថ្ងៃសម្ពោធភ្លាមៗនេះ គឺក្រុមហ៊ុនបានត្រៀមសំបកកង់ លក់ជូនក្នុងតម្លៃពិសេស ចំនួន ១០,០០០គ្រាប់ឯណោះ។
បើតាមការអះអាងពី លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផលដែលផលិតក្នុងប្រទេសម៉ាក Sailun បានប្រាប់ក្រុមការងារសារព័ត៌មាន ឧកញ៉ាញូវស៍ថា សំបកកង់រថយន្តផលិតដោយកូនខ្មែរ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន ពោលកម្មវិធីសម្ពោធជាផ្លូវការត្រូវចាប់ផ្ដើមនាម៉ោង ៥ល្ងាច ក៏ប៉ុន្តែក្រុមហ៊ុនទទួលបានការបញ្ជាទិញសំបកកង់ រហូតដល់ជាង ៥,០០០គ្រាប់រួចហើយ។
CEO រូបនេះក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងរៀបចំចំនួនសំបកកង់រថយន្តបន្ថែមទៀត សម្រាប់ការផ្ដល់ជូនអតិថិជនជាពិសេស។ ក្នុងឱកាសសម្ពោធជាផ្លូវការនៃក្រុមហ៊ុន PIC Tire Co.,Ltd អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ លើគ្រប់សំបក រថយន្តគ្រប់ប្រភេទ ដោយគ្រាន់តែធ្វើការបញ្ជាទិញ ពេលទៅទស្សនានៅអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយផ្ទាល់។
Sailun ជាក្រុមហ៊ុនដ៏ចំណាស់មួយត្រូវបានផលិតឡើងដំបូងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០២ គិតមកទល់បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជា ២២ឆ្នាំហើយ។ បច្ចុប្បន្ន Sailun ត្រូវបានចែកចាយជាលក្ខណៈអន្តរជាតិទូទាំងសកលលោករហូតដល់ជាង ១៨០ ប្រទេសរួចទៅហើយ ក្នុងនោះរួមមានរោងចក្រផលិតសំបកកង់ឡានចំនួន ៩ រោងចក្រ ដែលមាននៅប្រទេសចិន ៥ រោងចក្រ, នៅប្រទេសវៀតណាម ២ រោងចក្រ និងនៅក្នុងប្រទេសកម្ពុជា ១ រោងចក្រ។ ត្រឹមរយៈពេល ២២ឆ្នាំ Sailun បានវិវត្តខ្លួនយ៉ាងឆាប់រហ័សអាចដណ្តើមយកចំណាត់ថ្នាក់លេខ ១ នៅប្រទេសចិន និង ជាប់ចំណាត់ថ្នាក់លេខ ១១ នៅទីផ្សារទូទាំងពិភពលោក គិតត្រឹមចុងឆ្នាំ២០២៣។
តាមការបញ្ជាក់ពី លោក គឹន ឧត្តមមុនីស៊ីណាត បានឱ្យដឹងផងដែរថា រោងចក្រផលិតសំបកកង់រថយន្ត Cart tire Co.,ltd (រោងចក្របុត្រសម្ព័ន្ធរបស់ Sailun Group) មានទំហំផ្ទៃដីសរុប ១២០ ហិចតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាជាង ៣៥០០ កន្លែង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយនេះ គ្រប់ផ្នែកទាំងអស់ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ធសឹងតែជាជនជាតិខ្មែរ ទាំងនេះហើយ ជាអ្វីដែលខ្មែរទទួលបាន។
សូមជម្រាបថា រោងចក្រមួយនេះ មានសមត្ថភាពផលិតសំបកកង់ក្នុងដំណាក់កាលទី១ ដល់ទៅ ៣៥,០០០ គ្រាប់ក្នុងមួយថ្ងៃ ហើយក្នុងមួយថ្ងៃនាំចេញរហូតដល់ ២៥,០០០ គ្រាប់។ រីឯរោងចក្រទី២ កំពុងតែចាប់ផ្តើមដំណើរការផលិត និងរោងចក្រទី៣ កំពុងតែសាងសង់គ្រោងបញ្ចប់និងសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ សរុបទិន្នន័យនៃការផលិតទាំង៣រោងចក្រ ក្នុងមួយឆ្នាំ គឺអាចផលិតសំបកកង់បានដល់ទៅ ៣៣ លានគ្រាប់ឯណោះ។
ចំពោះជ័រកៅស៊ូដែលជាវត្ថុធាតុដើមជាចំបងក្នុងការផលិតសំបកកង់ដែលមានគុណភាពដ៏ល្អឥតខ្ចោះនេះ គឺត្រូវបានប្រើប្រាស់ជ័រកៅស៊ូ ដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។ តាមរបាយការណ៍របស់រោងចក្រ បានបង្ហាញថា រោងចក្រមួយនេះ នឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ ៣០% នៃទិន្នផលដំណាំកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ៣រោងចក្រ នឹងអាចប្រើប្រាស់ជ័រកៅស៊ូរហូតដល់ ៩០% នៃទិន្នផលដំណាំកៅស៊ូកម្ពុជាសរុប។ កត្តានេះហើយដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញលើកកម្ពស់ទៅលើវិស័យដំណាំកៅស៊ូជាតិ ដែលជាផ្នែកមួយនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា៕