ក្រុមហ៊ុន អេស.អិន.ខេ.អ.ភី (SNKRP Co., Ltd) ដែលជាក្រុមហ៊ុនសំណង់ តម្លើងផ្ទាំងសូឡា និងវារីអគ្គិសនីដ៏ធំមួយប្រចាំប្រទេសកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

គោលបំណងនៃអនុស្សរណៈនេះ គឺមានការរំពឹងទុកថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីចូលរួមចំណែកចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងគុណភាពជំនាញបច្ចេកទេសរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន អេស.អិន.ខេ.អ.ភី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ថេង សំរិទ្ធ អគ្គនាយកក្រុមហ៊ុន SNKRP បានថ្លែងអំណរគុណដល់សាលាតិចណូ ដែលទទួលយកភាពជាដៃគូ និងសហការផ្តល់ធនធានមនុស្ស និងចែករំលែកនូវការបណ្តុះបណ្តាលដែលក្រុមហ៊ុនត្រូវការ។ លោកពិតជា មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលអាចបង្កើតទំនាក់ទំនងថ្មីមួយទៀតនឹងអាចចូលរួមបង្កើតឪកាសសំរាប់សិស្សនិស្សិតអគ្គីសនី នឹងស៊ីវិល ក៏ដូចជាសិស្សនិស្សិតជំនាញដទៃទៀត ដើម្បីជំរុញបន្ថែមលើជំនាញ នឹងឱកាសការងារឱ្យកាន់តែច្រើនតបទៅតាមការអភិវឌ្ឈរបស់រាជរដ្ធាភិបាល។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មជំនាញ ១០០នាក់ពីសាលាតិចណូ ហើយនឹងផ្តល់ទីកន្លែងស្នាក់នៅដល់និសិ្សតដែលចុះកម្មសិក្សា និងអាហារបីពេល។ ក្រុមការងារនៃស្ថាប័នទាំងពីរ បានពិភាក្សាគ្នា ដើមី្បពិនិត្យលទ្ធភាព ជួយគ្នាទៅវិញទៅមក សម្រាប់ប្រយោជន៍រួម។
សារៈសំខាន់ នៃអនុស្សរណៈយោគយល់ ដើម្បីការពង្រឹងសមត្ថភាព ស្រាវជ្រាវអនុវត្ត នវានុវត្តន៍ កម្មសិក្សា និងការសិក្សា ដល់សិស្សដែលមានសក្តានុពល និងការរៀបចំកម្មវិធីកសាងសមត្ថភាពសម្រាប់សង្គមជាតិ ជាពិសេសទាក់ទងនឹង បច្ចេកវិទ្យា អក្ខរកម្មឌីជីថល និងគរុកោសល្យ ដើម្បីបង្កើនគុណភាពបច្ចេកទេស ព្រោះកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់ នៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម។
ក្នុងពិធីខាងលើលោកសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញសមភាគីទស្សនាពិព័ណ៌ស្នាដៃ និងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនាទីពិសោធន៍សំខាន់មួយចំនួន។

មុនពេលចុះហត្ថលេខា លោកនាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួន ដែលនិសិ្សតគួរបំពេញបន្ថែម។ ក្នុងន័យនេះសាលាបានបង្កើតការិយាល័យទំនាក់ទំនងសហគ្រាស ដែលមានរបបប្រជុំមួយដងក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។
លោកនាយក បានមានប្រសាសន៍ថាជារួមសាលាតិចណូមានបេសកកម្មបីធំៗ៖ ផលិតធនធានមនុស្ស ការស្រាវជ្រាវ និង ជួយសង្គម។
សូមជម្រាបថា SNKRP គឺជាក្រុមហ៊ុនសំណង់ តម្លើងផ្ទាំងសូឡា និងវារីអគ្គិសនីដ៏ធំមួយប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន SNKRP បានកំពុងតែបំពេញបេសកម្មឥតឈប់ឈរទៅលើវិស័យថាមពលអគ្គីសនី រួមមានការផលិត តាមរយៈការកសាងវារីអគ្គិសនី, ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, ខ្សែបញ្ចូនអគ្គិសនី (តង់ស្យុងទាប, មធ្យម, ខ្ពស់) រហូតដល់ 500kV, អនុសា្ថនីយ៍(115 kV, 230 kV), ត្រង់ស្វូរចែកចាយ 22 kV ដែលអគ្គិសនីកម្ពុជា (EDC) ជាម្ចាស់គម្រោង៕




