ក្រុមហ៊ុន CheckinMe ជាក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកឈានមុខគេនៅប្រទេសកម្ពុជា នឹងធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយនឹងក្រុមហ៊ុន Bezz Solution នៃប្រទេសឡាវ នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ វេលាម៉ោង ៩÷០០នាទីព្រឹក ដល់ម៉ោង១១÷៣០នាទីព្រឹក។

កម្មវិធីនេះនឹងធ្វើឡើងនៅអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe, ភាគីតំណាងពីប្រទេសឡាវ និងមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន០៥ នាក់ ដើម្បីចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល និងការនាំយកបច្ចេកវិទ្យាគ្រប់គ្រងមនុស្សរបស់ CheckinMe ចូលទៅកាន់ទីផ្សារប្រទេសឡាវ។

ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងឡើងធ្វើសុន្ទរកថាគន្លឹះ និងផ្ដល់អនុសាសន៍សម្រាប់ការសម្រេចសមិទ្ធផលដ៏អស្ចារ្យនេះ។
ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរូបបន្ថែមទៀត។ នៅចុងបញ្ចប់នៃកម្មវិធី CheckinMe នឹងមានការរៀបចំការពិសារអាហារសម្រន់ និងការថតរូបទុកជាអនុស្សារីយ៍ផងដែរ។