កាលពីព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe តំណាងឲ្យប្រទេសកម្ពុជា និងក្រុមហ៊ុន Bezz Solution នៃប្រទេសឡាវបានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី បានមានប្រសាសន៍ថា “អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គាំទ្រ នឹងជួយជម្រុញការនាំយកបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា ស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង ជាពិសេសគឺ បច្ចេកវិទ្យា”។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងជូនពរឲ្យក្រុមហ៊ុន CheckinMe ទទួលបានភាពជោគជ័យ និងទទួលបាន ការរីកចម្រើនឆាប់រហ័ស។

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានរៀបរាប់ថា “កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងបច្ចេកវិទ្យាបែបឌីជីថល និងនាំយកបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិករបស់កម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសឡាវ ដែលជាប្រទេសដំបូង និងជាគំរូដ៏សំខាន់សម្រាប់កូនខ្មែរ នាំចេញផលិតផលបច្ចេកវិទ្យា ទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់ មានដូចជាប្រទេសថៃ វៀតណាម និងប្រទេសមីយ៉ាម៉ាជាដើម”។

កម្មវិធីនេះបានប្រពឹត្តិទៅដោយរលូនដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរូបប្រមាណជាង៥០នាក់ និងមានការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មី ដោយអតីតនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
កុំភ្លេចណា! ចូលរួមលើកម្ពស់អាជីវកម្មបច្ចេកវិទ្យា ជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជា “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក ឆែកអ៊ីនមី”។










