សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលមានលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគម បានរៀបចំវេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម (Investment Roadshow) ជាលើកទី២ ដោយជោគជ័យ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្ម (BDC) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
វេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម (Investment Roadshow) ដែលរៀបចំឡើងរៀងរាល់ពីរខែម្តង គឺដើម្បីផ្តល់ឱកាសដល់វិនិយោគិន និងសហគ្រិន ចូលរួមស្វែងយល់ពីអនាគតការវិនិយោគ ចែករំលែកចំណេះដឹង និងពង្រីកបណ្តាញទំនាក់ទំនង។ វេទិកានេះ បានទាក់ទាញអ្នកចូលរួមជាង ១៤០នាក់ រួមបញ្ចូលទាំងសមាជិក សមាជិកាសមាគម IDI, ដៃគូអាជីវកម្ម អង្គភាពសារជីវកម្ម សហគ្រាសធន់តូចនិងមធ្យម អ្នកវិនិយោគក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ជាប្រធានសមាគម IDI និង ID Capital Plc បានមានប្រសាសន៍ថា៖ “វេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម (Investment Roadshow) គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ការជំរុញកិច្ចសហការ និងការច្នៃប្រឌិតក្នុងចំណោមវិនិយោគិន និងសហគ្រិន។ យើងមានសេចក្តីរំភើបក្នុងការនាំយកអ្នកដឹកនាំឧស្សាហកម្ម និងទស្សនវិស័យរួមគ្នាដើម្បីស្វែងរក និងទាញយកប្រយោជន៍ពីឱកាសវិនិយោគ ដែលអាចជំរុញកំណើនសេដ្ឋកិច្ច”។
ថ្នាក់ដឹកនាំឧស្សាហកម្ម បានធ្វើបទបង្ហាញពីប្រធានបទជាច្រើនពីឱកាសវិនិយោគ និងការអនុវត្តអាជីវកម្មផ្សេងៗរួមមាន៖
១. លោក ឈិន សុផល ប្រធានក្រុមហ៊ុន Royal Trust Trading «ការជួញដូរផលិតផលកសិកម្ម»
២. លោក ប៊ិន សុជាតិ សហស្ថាបនិក និងជា CEO ក្រុមហ៊ុន Pymed Technologies «ដំណោះស្រាយថែទាំសុខភាពកម្រិតខ្ពស់»
៣. លោក Jerome Schokman ប្រធានផ្នែកលក់ Business Development of Liberty EB-5 «ការវិនិយោគនៅសហរដ្ឋអាមេរិក»
៤. លោក Charles Wong សហស្ថាបនិក និងជា CEO ក្រុមហ៊ុន Tutor Impact UK និង Shrewsbury International School Phnom Penh «អន្តោប្រវេសន៍ និងការរស់នៅក្នុងចក្រភពអង់គ្លេស»
៥. លោកស្រី អ៊ិន ឡៃហួត ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ «ការគាំទ្រស្ត្រីក្នុងស្រុកតាមរយៈការដាំស្វាយចន្ទី និងកែច្នៃ»
៦. លោក ឡាយ គិរី ស្ថាបនិក រៀន AI «ឥទ្ធិពលនៃ AI លើបរិយាកាសអាជីវកម្មនិងតួនាទីរបស់វា ក្នុងការជួយអាជីវកម្ម»
ក្នុងវគ្គចែករំលែកចំណេះដឹង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកការយល់ដឹងអំពីវិស័យឧស្សាហកម្ម ការលើកឡើងពីបញ្ហាប្រឈម និងឱកាសក្នុងវិស័យកសិកម្ម និងការជំរុញឱ្យមានការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ (KE) បានអបអរសាទរចំពោះ IDI សម្រាប់ការរៀបចំ និងការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ខ្លួនក្នុងការប្រមូលផ្តុំដៃគូប្រព័ន្ធ ដើម្បីផ្លាស់ប្តូរទស្សនៈ បង្ហាញគម្រោង និងបង្កើតការតភ្ជាប់ទំនាក់ទំនង។ លោកបានសន្យាថា សហគ្រាសខ្មែរនឹងបន្តគាំទ្រកម្មវិធី IDI Investment Roadshows នាពេលខាងមុខ។
ក្នុងវេទិកានេះដែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ (KE) បានចុះអនុស្សារណៈយោគយល់ជាមួយសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ក្នុងគោលបំណងចូលរួមកសាង អភិវឌ្ឍន៍ និងគាំទ្រសកម្មភាពនានា ដែលជំរុញឱ្យប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកាន់តែមានភាពអំណោយផល សម្រាប់ការទាក់ទាញការវិនិយោគទៅលើធុរកិច្ចថ្មីនិងសហគ្រាសធុនមីក្រូ តូច និងមធ្យម៕