ព្រះមហាក្សត្រ ទ្រង់យាងទតពិព័រណ៌សំបកកង់ឡានម៉ាក សៃលុន (SAILUN) ដែលជាផលិតផលសំបកកង់ឡានធំជាងគេនៅកម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ១០០%

អាជីវកម្ម

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤ បានប្រារព្វធ្វើឡើងនៅទីរួមខេត្តកំពង់ស្ពឺ​ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរ​ដោយសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏មហោឡារិកនេះ ព្រះករុណា ព្រះមហាក្សត្របានយាងទតពិព័រណ៌សំបកកង់ឡានម៉ាក សៃលុន (SAILUN)។

សៃលុន គឺជារោងចក្រផលិតសំបកកង់ឡានធំជាងគេ និងដំបូងគេបង្អស់នៅកម្ពុជាដែលបាន​ប្រើប្រាស់​វត្ថុធាតុដើម (ជ័រកៅស៊ូ) នៅក្នុងស្រុក ១០០ភាគរយ។ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ សង្កេតឃើញថាមានផលិតផលមួយដ៏លេចធ្លោរដែលពុំធ្លាប់មានកន្លងមក នោះគឺសំបកកង់ឡានម៉ាក សៃលុន (SAILUN) ដែលជាផលិតផលស្នូលមួយជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិយ៉ាងសកម្ម។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ផលិតផលនេះបានចូលរួមលើកកម្ពស់ដំណាំកៅស៊ូ ដែលជា​កសិផល កសិកម្មរបស់ប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន PIC Tire Co.,Ltd មានរោងចក្រផលិតសំបកកង់នៅក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ​ដែលជា​ក្រុមហ៊ុន​ទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផលដែលផលិត​ក្នុងប្រទេសម៉ាក Sailunបានសម្ពោធ​ជាផ្លូវការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

រោងចក្រ​ផលិត​សំបក​កង់​រថយន្តម៉ាក Sailun​ មានទំហំផ្ទៃដីសរុប ១២០ ហិចតា បង្កើតការងារ​ជូន​ប្រជា​ពលរដ្ឋប្រមាណជាជាង ៣៥០០​ កន្លែង។ អ្វីដែល​គួរឱ្យ​ភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយនេះ គ្រប់ផ្នែកទាំងអស់ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ធសឹងតែជា​ជនជាតិខ្មែរ។

ចំពោះ​ជ័រកៅស៊ូ​ដែលជាវត្ថុធាតុដើមជាចំបង​ក្នុងការផលិតសំបកកង់ដែលមានគុណភាពដ៏ល្អឥតខ្ចោះនេះ គឺត្រូវបានប្រើ​ប្រាស់​ជ័រកៅស៊ូ ដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។ តាមរបាយការណ៍​របស់​រោងចក្រ បានបង្ហាញថា រោងចក្រ​មួយនេះ នឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ ៣០% នៃទិន្នផលដំណាំ​កៅស៊ូសរុបនៅក្នុងប្រទេស​កម្ពុជា​ទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ៣រោងចក្រ នឹងអាចប្រើ​ប្រាស់ជ័រកៅស៊ូរហូតដល់ ៩០% នៃទិន្នផល​ដំណាំកៅស៊ូ​កម្ពុជា​សរុប។ កត្តានេះហើយដែលជាផ្នែកមួយដ៏សំខាន់​ក្នុងការជំរុញលើកកម្ពស់​ទៅលើវិស័យដំណាំ​កៅស៊ូ​ជាតិ ដែល​ជាផ្នែកមួយនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា៕