អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យធនាគារ វីង ទទួលការទូទាត់បង់ពន្ធគ្រប់ប្រភេទ

អាជីវកម្ម

សាធារណជនឥឡូវនេះ អាចទូទាត់ការបង់ពន្ធ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ វីង ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។

កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមាននៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជៅទៅដល់អគ្គនាយដ្ឋានពន្ធដារសម្រាប់ការផ្តល់ទំនុកចិត្តចំពោះធនាគារ វីង ហើយអនុញ្ញាតឱ្យយើងខ្ញុំប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលការទូទាត់បង់ពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។”

ក្នុងនាមជាធនាគារឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង ក្លាយជាដៃគូគួរឱ្យជឿជាក់មួយនៃអគ្គនាយកដ្ឋានពន្ធដាររយៈពេលជាយូរមកហើយ។ កិច្ចសហការនេះ ក៏មានគោលបំណងជួយទៅដល់រូបវន្តបុគ្គលដែលត្រូវការទូទាត់បង់ពន្ធ ហើយត្រូវធ្វើដំណើរឆ្ងាយទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយជំនួសមកវិញ ពួកគាត់អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ដើម្បីទូទាត់បង់ពន្ធមិនមានការគិតថ្លៃសេវាបន្ថែមនោះឡើយ។ ជាមួយសាខាចំនួន ២១ ការិយាល័យនៅទូទាំងប្រទេសកម្ពុជា បន្ថែមលើការិយាល័យកណ្តាល ឋិតក្នុងអគារ ធនាគារ វីង ថៅវើ ធនាគារ វីង ផ្តល់ជម្រើសទូទាត់បង់ពន្ធទៅដល់សាធារណជនកាន់តែងាយស្រួល។

ឥឡូវនេះអតិថិជនអាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ហើយភ្ជាប់ជាមួយឯកសារតិចតួចប៉ុណ្ណោះ ។ នៅពេលអញ្ជើញទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារ វីង បុគ្គលិកបម្រើសេវាកម្មនឹងជួយសម្រួលអតិថិជនក្នុងការជ្រើសរើសមធ្យោបាយទូទាត់ដែលមានពីរជម្រើសផ្សេងគ្នា។ អតិថិជនអាចជ្រើសរើសទូទាត់ជាសាច់ប្រាក់សុទ្ធ ឬកាត់ចេញពីគណនីធនាគារ វីង ក៏បាន ហើយក៏មានជម្រើសមួយទៀតនោះគឺការបញ្ចូលទឹកប្រាក់ពីសែកទៅក្នុងគណនីធនាគារ វីង របស់អតិថិជនសម្រាប់ការធ្វើការទូទាត់ក៏បាន។
បន្ថែមលើនេះ អតិថិជនក៏អាចជ្រើសរើសការទូទាត់តាមប្រព័ន្ធអនឡាញដោយប្រើប្រាស់អេបរបស់អគ្គនាយកដ្ឋានពន្ធដារគឺ អេប GDT Tax Payer ដែលអ្នកប្រើប្រាស់អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម។ អតិថិជនគ្រាន់តែបើកអេប ហើយចូលទៅកាន់មុខងារទូទាត់ពន្ធ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់ជាការស្រេច។ ឆាប់ៗខាងមុខនេះ សាធារណជនក៏អាចប្រើប្រាស់អេប GDT Tax Prefiling និង GDT E-Filing App សម្រាប់ការទូទាត់បង់ពន្ធផងដែរ។

ក្នុងនាមជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រមូលចំណូលពន្ធដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក បង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចផែនការរបស់ខ្លួនជាមួយនឹងការប្រមូលចំណូលពន្ធដាចំនួន ៣,៦ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងសម្រេចឱ្យបាន ៤,១ ពាន់ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៤ ដែលអាចមានចំណែក ១១ ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប ៣៥៕