ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃទី៦ មិថុនាថា ប្រទេសស្រីលង្កាបានយល់ព្រមឲ្យផ្កាយរណប Starlink របស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Elon Musk ផ្តល់នូវសេវាអ៊ីនធឺណិតគ្របដណ្តប់មកកាន់ប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា និយតករទូរគមនាគមន៍របស់ប្រទេសស្រីលង្កា បានផ្តល់ការយល់ព្រមជាបឋម បន្ទាប់ពីបានពិគ្រោះយោបល់ជាសាធារណៈ។ ការិយាល័យបានបន្តទៀតថា លោក Musk និងលោកប្រធានាធិបតីស្រីលង្កា Wickremesinghe បានពិភាក្សាគ្នាអំពីវិធីដើម្បីពង្រីកការតភ្ជាប់អ៊ីធឺណិតទៅកាន់តំបន់ជនបទ និងការសហការដ៏មានសក្តានុពលលើថាមពលកកើតឡើងវិញ។
សូមជម្រាបថា កាលពីខែមុន មហាសេដ្ឋីអាមេរិកលោក Elon Musk ទើបតែបានសម្ពោធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសេវាកម្មអ៊ីនធឺណិត តាមរយៈប្រព័ន្ធផ្កាយរណប Starlink នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕