លោកជំទាវ លី ញូវរី អគ្គនាយិកាក្រុមហ៊ុន EEw9 បានបើកសម្ពោធជាផ្លូវការផលិតកម្មថ្មី «Mak EE Production» និងសម្ពោធផលិតផលធម្មជាតិ ម៉ាស់សារ៉ាយសមុទ្រ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN&MOON ផ្សារកណ្ដាល។
ផលិតកម្ម «Mak EE Production» ជាផលិតកម្មថ្មីមួយ ដែលបានបង្កើតឡើងដោយកូនខ្មែរ។ លោកជំទាវ អគ្គនាយិកា បានឱ្យដឹងថា មូលហេតុដែលលោកជំទាវ បង្កើតនូវផលិតកម្មនេះឡើង គឺក្រោមហេតុផលបីយ៉ាងធំៗគឺ៖ ៖១, ជាក្ដីស្រឡាញ់ និងជាក្ដីស្រមៃរបស់លោកជំទាវផ្ទាល់។ ២, ចង់គាំទ្រតារាសិល្បៈរាមច្បង ជើងចាស់ ដែលបានបាត់សំឡេងជាយូរនៅក្នុងសិល្បៈ និងចង់ស្ដាប់សំឡេងតារាជើងចាស់ឡើងវិញ។ ៣, បើកផលិតកម្មសម្រាប់ក្មេងៗជំនាន់ក្រោយ អ្នកដែលមានសមត្ថភាព មានសំឡេងពីរោះ ប៉ុន្ដែមានជីវភាពក្រីក្រ អាចចូលខ្លួនរួមដំណើរជាមួយផលិតកម្ម ម៉ាក់អ៊ីអ៊ី ប្រូដាកសិន បាន។
លោកជំទាវ អគ្គនាយិកា បានបន្ដថា នៅពេលចាប់ផ្ដើមដំបូងនៃផលិតកម្មនេះ Mak EE Production និងមានវត្ដមានចូលរួមពីតារាចម្រៀងជើងចាស់ជាច្រើនដួង ដូចជា មានលោកគ្រូ ណយ វ៉ានណេត, លោកគ្រូ ហួល ឡាវី, លោកស្រី ហ៊ឹម ស៊ីវន ព្រមទាំងតារាងចាស់ថ្មី ជាច្រើនរូបទៀត ជាពិសេស តារាវ័យ៧៣ឆ្នាំ គឺលោកឪពុករបស់ម៉ាក់អ៊ីអ៊ីផ្ទាល់ ក៏នឹងចូលខ្លួនមកច្រៀងនៅក្នុងផលិតកម្មនេះផងដែរ។
ជាមួយគ្នានោះ លោកជំទាវ លី ញូវរី ហៅម៉ាក់អ៊ីអ៊ី បានបន្ថែមថា ថ្វីត្បិតតែផលិតកម្មនេះ បង្កើតឡើងបានច្របាច់បញ្ចូលទាំងតារាជើងចាស់ និងតារាដួងថ្មី ប៉ុន្ដែនឹងមិនមានអ្វីជាបញ្ហាប្រឈមនោះទេ អាចទៅមុខរួមគ្នាដោយរលូន ព្រោះថា ទោះបីជាពួកគាត់ជាតារាជើងថ្មីមែន ប៉ុន្ដែទទួលបានការបណ្ដុះបណ្ដាលច្រើនពីលោកឧកញ៉ា យឹម តាស្រង់ ម្យ៉ាងទៀតអ្នកនិពន្ធប្រចាំផលិតកម្ម សុទ្ធសឹងតែមានសមត្ថភាព អាចនិពន្ធបានទាំងបទសម័យ និងបទបុរាណ។
សូមជម្រាបជូនថា EEw9 គឺជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទពីប្រទេសកូរ៉េ ដែលបានប្រកាសបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងឱឡារឹក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល។ ក្រៅពីការនាំចូល និងផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ពីប្រទេសកូរ៉េ មកលក់នៅកម្ពុជាហើយនោះ ក្រុមហ៊ុន EEw9 ក៏មានផ្ដល់សេវាកម្មរៀបចំកសាងប្រេនផលិតផលថែរក្សាសម្រស់ជូនអតិថិជន និងដៃគូរសហការផងដែរ៕