ក្រុមហ៊ុន MG Cambodia ដែលជាក្រុមហ៊ុនយីហោចក្រភពអង់គ្លេសដ៏ល្បីមួយនៅក្នុងឧស្សាហកម្មរថយន្ត កាលពីថ្ងៃទី16 ខែមិថុនា ឆ្នាំ2024, បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន MG ក៏បានប្រគល់រថយន្ត MG GT ស៊េរីថ្មីឆ្នាំ2024 មួយគ្រឿង ជាកាដូរដល់ កញ្ញា ស៊ីន យូប៊ីន ថែមទៀតផង។
កម្មវិធីបានប្រារព្ធឡើងនៅអគារតាំងបង្ហាញរថយន្ត MG សាខាទឺកថ្លា ដោយក្រោមការចូលរួមរបស់ កញ្ញា ស៊ីន យូប៊ីន ទូតសុច្ឆន្ទៈរបស់រថយន្ត MG និងលោក អ៊ុ គីម តំណាងក្រុមហ៊ុន អឹមជី ខេមបូឌា ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន, បណ្ដាញសារព័ត៌មាន រួមទាំងអតិថិជនអ្នកគាំទ្ររថយន្ត MG និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើននាក់ ចូលរួមធ្វើជាសាក្សីក្នុងកម្មវិធីដ៏ឱឡារឹកនេះ។
លោក អ៊ុ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា មានប្រសាសន៍ពីសារៈសំខាន់នៃភាពជាដៃគូរ ជាមួយកញ្ញា ស៊ីន យូប៊ីនថា៖ “ដោយមើលឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ កញ្ញា ស៊ីន យូប៊ីន និងការបង្ហាញថា MG បានចូលរួមគាំទ្រ និងលើកស្ទួយដល់សិល្បៈកម្ពុជាដែលមានទេសកុស្យវ័យក្មេង និងមានអត្តចរិកលក្ខណៈល្អ មានឆន្ទៈ និងការតាំងចិត្តដ៏មោះមុតដូចជា កញ្ញា ស៊ីន យូប៊ីន ជាដើម។ ដូចដែលកញ្ញាបានសម្រេចនូវសម្ធិទ្ធផលនិងក្តីស្រមៃជាច្រើន ចាប់តាំងពីកញ្ញាជា Freshie Girls រហូតក្លាយជាតារាល្បីប្រចាំប្រទេស និងទទួលស្គាល់ដោយម៉ាកយីហោអន្តរជាតិជាច្រើន ព្រមទាំងអាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិបានទៀតផង។ ប្រៀបដូចទៅនឹង MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស មានអាយុកាល100ឆ្នាំនៅលើឆាកអន្តរជាតិ និង14ឆ្នាំនៅក្នុងប្រទេសកម្ពុជា។”
អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា រូបនេះបន្ថែមថា ជាមួយនឹងកំណើននៃការលក់ ការពង្រីកបន្ថែមនូវសាខាអគារតាំងបង្ហាញថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ឆាប់ៗខាងមុខនេះ MC Cambodia នឹងពង្រីកសាខាថ្មីមួយទៀតក្នុងខេត្តបាត់ដំបង ដែលនឹងផ្តល់បទពិសោធន៍ថ្មីដ៏ល្អមួយកម្រិតទៀតដល់ក្រុមគ្រួសារ MG ។
ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ទាំងអារម្មណ៍រភើបរីករាយថា៖ “ កញ្ញា ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ MG ប្រចាំនៅប្រទេសកម្ពុជា និងសូមអរគុណខ្លាំងមែនទែនដែលបានផ្តល់ភាពជឿជាក់លើកញ្ញា ក្នុងការធ្វើដំណើរជាមួយគ្រួសារ MG។ ឆ្លៀតក្នុងឱកាសនេះ កញ្ញាពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន MG ដែលបានជ្រើសរើសនិងលើកស្ទួយសិល្បៈខ្មែរស្របតាមអនុសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលរបស់យើងដែលលោកបានលើកឡើងថា តារាសិល្បៈខ្មែរយើងគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍន៏បន្ត និងជាបុគ្គលដ៏សំខាន់ក្នុងការផ្សព្វផ្សាយលើគ្រប់វិស័យទាំងអស់មិនថានៅក្នុងស្រុក ឬទៅកាន់ឆាកអន្តរជាតិនោះទេ។
កញ្ញា យូប៊ីន បន្ថែមថា៖ កត្តាចម្បងដែលធ្វើឱ្យកញ្ញាព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ MG គឺ MG មានវត្តមាននៅប្រទេសកម្ពុជា អស់រយៈពេល14ឆ្នាំមកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំគឺមានតែភាពរីកចម្រើននិងរក្សាកេរ្តិ៏ឈ្មោះកាន់តែល្បីរន្ទឺ ដែលសរបញ្ផាក់អំពីការទទួលស្គាល់ពីប្រជាជនកម្ពុជា រហូតក្លាយជា Top 3 លើរថយន្តទំនើបលក្ខណៈគ្រួសារនៅកម្ពុជា ដែលមានន័យថាការខិតខំកសាងកេរ្តិ៏ឈ្មោះនិងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះហើយជាការផ្តល់ទំនុកចិត្តដល់កញ្ញាដូចគ្នាដែរ ហើយកញ្ញានឹងរួមគ្នាជាមួយក្រុមហ៊ុនដើម្បីផ្សព្វផ្សាយអំពីរថយន្តដែលមានគុណភាពជូនអតិថិជន។ ចំណុចមួយវិញទៀតគឺ MG បាននាំចូលនូវរថយន្តអគ្គិសនីចំនួន3ម៉ូឌែលសុតសឹងតែស្រស់ស្អាតនិងល្អខ្លាំងមែនទែន ហើយក្នុងនាមកញ្ញាជាទូតសុច្ឆន្ទៈនិងជាតារាប្រចាំប្រទេសកម្ពុជាក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ប្រសិនជាអាចសូមងាកមកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់គ្នាដើម្បីបើកបរដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។ កញ្ញាក៏បានបន្ថែមថា កញ្ញានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយអំពីរថយន្ត MG ដល់ប្រជាជនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងនាំនូវអ្វីដែលថ្មីៗជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។”
ការចូលរួមក្នុងនាមជាទូតសុឆន្ទៈ ពីសំណាក់ កញ្ញា ស៊ីន យូប៊ីន ថ្នាក់ដឹកនាំក្រុមហ៊ុន MG Cambodia រំពឹងយ៉ាងមុតមាំថា ក្រុមហ៊ុន សន្ទុះនៃការលក់នឹងកើនឡើង ឆ្ពោះទៅរកភាពរីចម្រើន ជាមួយការទទួលស្គាល់នូវម៉ាកយីហោកាន់តែទូលំទូលាយ និងវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗពីសំណាក់អតិថិជន។ ភាពជាដៃគូរនេះ កញ្ញា យូប៊ីន ក៏សន្យាថានឹ ងនាំមកនូវទស្សនវិស័យថ្មីៗ និងការអាប់ឌែតយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញឱ្យយីហោ MG ក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តថ្មីប្រចាំប្រទេសកម្ពុជាផងដែរ៕