អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយលោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) នៅទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី សាខាព្រៃស ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចាប់ដៃសហការជាផ្លូវការ និងត្រៀមពង្រីកសាខាផ្ដល់ សេវាកម្មបញ្ញើរឆាប់រហ័សដ៏ឈានមុខគេ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ដែលជាគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា គឺជាការបោះ ជំហ៊ានដ៏ធំ មុនគេ ដំបូងគេ សំដៅ ពង្រីកសាខាក្រុមហ៊ុន វិរៈ ប៊ុនថាំ ឱ្យកាន់តែកៀកអតិថិជន។
អ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា៖ “ពីមួយថ្ងៃ ទៅមួយថ្ងៃ សន្ទុះនៃការមកទទួលសេវាកម្មបញ្ញើបញ្ញើអុីវ៉ាន់ទៅកាន់ទីតាំងជិតឆ្ងាយ ទាំងក្នុងស្រុក និងក្រៅស្រុក របស់អតិថិជន ជាមួយភ្នាក់ងារតាមសាខា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានការកើនឡើងជាលំដាប់ ជាហេតុធ្វើឱ្យតាមសាខាបញ្ញើខ្លះ មានបញ្ហាចំណតចង្អៀត។ ឆ្លើយតបនឹងកំណើនដ៏ច្រើនលើសលប់នេះ ទើបក្រុមហ៊ុន សម្រេចចិត្តបន្តចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ក្នុងការពង្រីកសាខាដឹកជញ្ជូនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជន អាចបញ្ញើអុីវ៉ាន់ សឹងតែគ្រប់កន្លែង តាមបណ្តាការ៉ាស់សាំង ភីធីធី ក្បែរគេហដ្ឋានលោកអ្នក។”
លោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) មានប្រសាសន៍ប្រកបដោយភាពរីករាយថា លោកពិតជាពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិជាផ្លូវការនាថ្ងៃនេះ ក៏ដូចជា ការត្រៀមរៀបចំផ្ដល់កាសហការ ជាបន្ទាប់ទៀតជាមួយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្នុងការពង្រីកសាខានៅតាមបណ្តាស្ថានីយ៍ ភីធីធី ដ៏ទៃផ្សេងទៀត។ អគ្គនាយក ក្រុមហ៊ុន ភីធីធី រូបនេះ បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី មានចំនួន ១៨០ទីតាំង ខណៈនាឆ្នាំក្រោយ ក្រុមហ៊ុន ក៏មានគម្រោងពង្រីកបន្ថែមឱ្យបានដល់ចំនួន ២០០ទីតាំង ទូទាំងប្រទេសកម្ពុជាផងដែរ។ ដូច្នេះ លោកសង្ឃឹមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុន បញ្ញើឆាប់រហ័ស ឈានមុខគេនៅកម្ពុជា នឹងជំរុញឱ្យតាមស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ទាំងអស់ ដែលសហការជាមួយ ក្លាយជាគោលដៅពហុតម្រូវការ អាចបំពេញបានតាមតម្រូវការជូនអតិថិជនជាក់ជាមិនខាន។
អ្នកឧកញ៉ា សួរ វីរៈ សង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សារណៈនៃយោគយល់នាពេលនេះ នឹងផ្តល់នូវភាពងាយស្រួល រួមទាំងអត្ថប្រយោជន៍ជាច្រើនមកកាន់ក្រុមហ៊ុនទាំងពីរ ជាពិសេសនឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងជូនអតិថិជនរបស់ វិរៈ ប៊ុនថាំ ក៏ដូចជា អតិថិជនរបស់ ភីធីធី ក្នុងការទទួលបាននូវសេវាកម្មបញ្ញើទំនិញ ក៏ដូចជាការប្រើប្រាស់សេវាកម្មផ្សេងៗ ទាំងអស់របស់ស្ថានីប្រេងឥន្ធនៈ ភីធីធី ។
គួរឲ្យដឹងផងដែរថា វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុន ដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ឈានមុខគេប្រចាំប្រទេសកម្ពុជា ដែលបានបង្កើតឡើងដោយ អ្នកឧកញ៉ា សួរ វីរៈ តាំងក្នុងឆ្នាំ២០០៤ ផ្តល់នូវ សេវាកម្មរថយន្ត ដឹកអ្នកដំណើរ និង ដឹកជញ្ជូន ទំនិញ យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។
ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុន ជា បុត្រសម្ព័ន្ធ និងសេវាកម្ម ផ្សេងៗជាច្រើនទៀត ដូចជា៖ រថយន្តជួលប្រណិត, រថយន្ត ក្រុង ប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ ប្រណិត ដំបូងគេក្នុងប្រទេស ដំណើរការតាំងពីឆ្នាំ២០០៦, រថយន្ត សម្រាប់ ដឹក ទំនិញ, ទូកល្បឿនលឿន Buva Sea, សេវាកម្ម សណ្ឋាគារ និងរីសត ជាច្រើននៅកម្ពុជា ដូចជា៖ Tube Resort, Sandy Beach Bungalows, One Beach Resort, Koh Sdach Resort, Eden Beach Resort, Sara Sea Bodega, Pidoma Resort, Romdoul Kirirom Resort, Camping Park, Romheay Kirirm Resort, Sara Resort, កោះស្ដេចរីសត និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុន ក៏ នឹងមាន ជា ប្រភេទ ផ្លូវអាកាស SeaPlanes (VET Airway) ស្របតាម តម្រូវការ របស់ អតិថិជន ផង ដែរ៕