ការច្នៃប្រឌិត និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ធនាគារ ជីប ម៉ុង លើការផ្តល់សេវាកម្មធនាគារបែបឌីជីថល ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ត្រូវបានទស្សនាវដ្តី Global Brands Magazine ផ្តល់នូវពានរង្វាន់ឆ្នើម Global Brand Awards 2024 ដោយប្រសិទ្ធនាមថាជា “ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា” ក្នុងឆ្នាំ២០២៤ នេះ។

ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកវិនិយោគដោយកូនខ្មែរ១០០% គឺតែងតែប្ដេជ្ញាខិតខំផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមតម្រូវការអាជីវកម្ម និងប្រជាជន ដោយមានការសិក្សាស្វែងយល់គ្រប់ជ្រុងជ្រោយ ទៅលើតម្រូវការនៃវិស័យ និងទីផ្សារទាំងមូល ជាពិសេសគឺការបង្កើតទំនាក់ទំនង និងបង្កើនទំនុកចិត្តជាមួយអតិថិជនជាប្រចាំ។

ការពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស និងការសម្រេចបានសមិទ្ធផលផ្លែផ្កាផ្សេងៗនៅត្រឹម៥ឆ្នាំនៃប្រតិបត្តិការ បង្ហាញពីវឌ្ឍនភាពនៃភាពរីកចម្រើនដ៏អស្ចារ្យ ជាមួយកំណើនទ្រព្យសកម្មសរុបដល់ទៅ ១,៣ពាន់លានដុល្លារអាមេរិក ខណៈទំហំទឹកប្រាក់កម្ចីបានកើនឡើងដល់ ៧១២លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជនកើនដល់ចំនួន ១ពាន់លានដុល្លារអាមេរិក។

ការទទួលស្គាល់របស់ធនាគារ ជីប ម៉ុង ដោយ Global Brands Magazine ជា “ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា” ដូច្នេះ បានសរបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុង កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ចំពោះការធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ រួមនឹងការដាក់ចេញនូវផលិតផលថ្មីៗបន្តបន្ទាប់ ក្នុងទិសដៅក្លាយជាធនាគារឈានមុខគេ លើវិស័យធនាគារនៅកម្ពុជា៕
