ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ គ្រោងនឹងបើកដំណើរការសេវាកម្មផ្នែកអាកាសចរណ៍ VET Airways ប្រភេទ Seaplane ក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោងបើកដំណើរការសេវាកម្មផ្នែកអាកាសចរណ៍នេះ បានទទួលសញ្ញាភ្លើងខៀវជាវិជ្ជមានហើយ បន្ទាប់ពីក្រុមហ៊ុនបានបំពេញសំណុំឯកសារបែបបទផ្លូវការ ដាក់សំណើរជូនទៅលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដែលរំពឹងថានឹងអាចទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើផ្លូវអាកាសនៅចុងឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយដោយស្ថាបនិកកូនខ្មែរដ៏មានចក្ខុវិស័យពោលគឺ អ្នកឧកញ៉ា សួរ វីរៈ ក្នុងការនាំយក Seaplane សម្រាប់ការដំណើរកម្សាន្ត និងថ្នាក់បណ្តុះបណ្តាលផ្នែកបើកបរយន្តហោះ ដែលមានការប្រគល់សញ្ញាបត្រទទួលស្គាល់ពីអន្តរជាតិដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជាយើង។

សូមជម្រាបជូនថា កាលពីដើមខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះវីដេអូឃ្លីបជាង ៥ នាទី លើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់អ្នកឧកញ៉ា និងក្រុមការងារ ធ្វើការបើកបរយន្តហោះប្រភេទ Seaplane សាកល្បងដោយផ្ទាល់ដើម្បីបញ្ជាក់ពីគុណភាពសេវាកម្ម និងសុវត្ថិភាព។ តាមការបង្ហើបឱ្យដឹងរបស់អ្នកឧកញ៉ា យន្តហោះ Seaplane មានលក្ខណៈពិសេសមែនទែន ពោលគឺអាចបើកបានទាំងនៅលើទឹក លើអាកាស និងលើដីបានថែមទៀតផង។
អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “មិនថាអាជីវកម្មថ្មីឬចាស់នោះទេ ការវិនិយោគដែលជាគ្រឹះដ៏រឹងមាំគឺ ជាការវិនិយោគលើ ចំណេះដឹង និងបទពិសោធន៏។ ជួបគ្នាឆាប់ៗជាមួយវិរ:ប៊ុនថាំ ផ្លូវអាកាស (បើកលើទឹក ហោះលើអាកាស ចុះលើទឹក រត់លើដី មាននៅទឹកដីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ)។ វិរ:ប៊ុនថាំ តែងតែឈានមុខគេ ហើយមុនគេនៅកម្ពុជា។ វិរ:ប៊ុនថាំ តែងតែនាំអ្វីថ្មីៗ សម្រាប់អតិថិជន និងសហគមន៏”៕



