ភ្នំពេញ៖ ក្នុងមហិច្ឆិតាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាគុនខ្មែរបាននឹងកំពុងដុតដៃដុតជើង បណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរបច្ចុប្បន្ន និងអនាគត ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ពីតម្លៃនៃគុនខ្មែរដ៏អស្ចារ្យលើឆាកអន្តរជាតិ។

ថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការឧបត្ថមកម្មវិធីប្រកួតប្រដាល់គុនខ្មែរនិង KICK BOXING ដើម្បីពង្រឹងបច្ចេកទេសកីឡាករ កីឡាការនីជម្រើសជាតិដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងបណ្តុះបណ្តាលកីឡាករថ្នាលក្នុងទិសដៅឆ្ពោះទៅកាន់កីឡាយុវជនអាស៊ី និងស៊ីហ្គេម នាពេលខាងមុខ ព្រមទាំងឧបត្ថម្ភទាំងស្រុងដល់កីឡាករគុនខ្មែរទៅប្រកួតលើសង្វៀនអន្តរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ស្ថិតនៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា បាននឹងកំពុងចំណាយរាប់លានដុល្លារ ក្នុងន័យលើកស្ទួយគុនខ្មែរ និងបន្តបណ្ដុះបណ្ដាលធនធានកីឡាករសម្រាប់ការប្រកួតទាំងបច្ចុប្បន្ន និងការប្រកួតលើព្រឹត្តិកាណ៍អន្តរជាតិនាពេលអនាគត និងបង្កើតសង្វៀនគុនខ្មែរច្រើនជាងគេ យ៉ាងតិច ៥ សង្វៀនក្នុង ១សប្តាហ៍។

សូមបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈឯកជនក៏ពិតមែន ប៉ុន្តែក្នុងនាមជាសហគ្រិនខ្មែរ ដែលមានឆន្ទៈផ្ដល់ត្រលប់ទៅកាន់សង្គមវិញនោះ ខ្មែរ ប៊ែវើរីជីស តែងតែចូលខ្លួនឧបត្ថម្ភ និងគាំទ្រស្ទើរតែគ្រប់វិស័យនៅកម្ពុជា ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលក្នុងការលើកស្ទួយ និងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ជាពិសេសនោះគឺវិស័យប្រដាល់គុនខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិនេះតែម្ដង។ ក្នុងនាមជាប្រជាជនខ្មែរដែលគាំទ្រវិស័យគុនខ្មែរ យើងគួរតែនាំគ្នាចូលរួមគាំទ្រផលិតផលភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីជំរុញឱ្យក្រុមហ៊ុននៅតែបន្តឧបត្ថម្ភក្នុងការបង្កើតព្រឹត្តិការណ៍គុនខ្មែរជាបន្តបន្ទាប់ទៀត៕


















