ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ដើម្បីពង្រីកសេវាកម្មធនាគារ​ ឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន

អាជីវកម្ម

ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៖ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាង​ឆាប់​រហ័ស​មួយ​នៅ​កម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បី​ពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការ​ផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ​​​ ម្ចាស់​អាជីវកម្ម និងប្រជាជន​ក្នុង​សហគមន៍ទាំងមូលតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​​​ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និង​ជា​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ជា​ជាប្រធានសមាគមសិល្បះករខ្មែរ ព្រមទាំង ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត​ផងដែរ។

លោក Dmytro Kolechko តំណាងធនាគារ វីង បានលើកឡើងថា៖ “នៅធនាគារ វីង យើង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការដោះស្រាយ​តម្រូវការហិរញ្ញវត្ថុក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរសាខាខេត្តពោធិ៍សាត់ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ងាយ​ស្រួល​​ប្រើប្រាស់ដែលជួយអតិថិជន​មិនថាអតិថិជនម្នាក់ៗ ម្ចាស់​អាជីវកម្ម ព្រមទាំង​សហគមន៍មូលដា្ឋន​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។”

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយ​មាន​ចម្ងាយប្រហែល១៥០ម៉ែត្រប៉ុណ្ណោះពីស្ពានថ្ម​ពោធិ៍សាត់ សាខាថ្មីនេះគឺជាការិយាល័យទី២៣ហើយរបស់ធនាគារ វីង ដែល ជាការពង្រីក សេវាកម្ម​ធនាគារ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សាខាថ្មីនេះ​នឹង​ជួយ​បំពេញ​បន្ថែម​លើ​បណ្តាញ​ភ្នាក់ងារ​ដ៏​ធំ​ទូលាយ​រ​បស់ធ​នាគារ វីង ដែល​មាន​ស្រាប់​ជាង ១១.០០០ ទីតាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​បង្កើត​បាន​នូវ​​មធ្យោបាយ​ដ៏​រឹងមាំ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​កាន់​អតិថិជន។ តាមរយៈ​ការ​រួម​បញ្ចូល​សាខា​ថ្មី​នេះ​ជាមួយ​នឹងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ ធនាគារ វីង ជឿជាក់​យ៉ាង​​​មុត​មាំ​​ថា​​សេវាកម្ម​របស់​ខ្លួន​នឹង​ផ្តល់​នូវភាព​ស្រួល​ទៅ​ដល់​សហគមន៍ ទោះស្ថិត​នៅតំបន់ដាច់ស្រយាលក៏ដោយ។

លោក Dmytro Kolechko បានបន្តថា៖ “សាខាខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរថែមទៀតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការនាំយកសេវាកម្ម ក៏ដូចជាដំណោះស្រាយឌីជីថលខិតទៅកាន់តែជិតសហគមន៍ យើងខ្ញុំនឹងអាចជួយឱ្យអតិថិជនគ្រប់រូប ក៏ដូចជាម្ចាស់​អាជីវកម្មរីកលូតលាស់កាន់តែខ្លាំងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។”

ការពង្រីកខ្លួននៅក្នុងខេត្តពោធិ៍សាត់របស់ធនាគារ វីង បង្ហាញពីគោលជំហរបស់ខ្លួនក្នុងនាមជាធនាគារនាំមុខគេនៅក្នុងវិស័យធនាគារឌីជីថលក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ ដែលមានគាំទ្រដោយបណ្តាញភ្នាក់ងារវីងដ៏ទូលំទូលាយ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យអតិថិជនទូទៅ និងអាជីវកម្ម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់​តែមានប្រសិទ្ធភាពថែមទៀត។

លោក Dmytro Kolechko បានបញ្ជាក់​ថា​៖ “​យើងខ្ញុំពិតជា​មាន​ក្តី​រំភើបរីករាយ​ក្នុង​ការ​បម្រើ​ជូនសហគមន៍​ខេត្ត​ពោធិ៍សាត់ នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែរលូន។ ជាមួយវត្តមាន​សាខា​ថ្មីនេះ យើងខ្ញុំកាន់តែពង្រឹងគោលជំហរដើម្បីដើរតួជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត សំដៅជំរុញការអភិវឌ្ឍអនាគត​វិស័យ​ធនាគារ​នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងជាលំដាប់៕​