ឧកញ៉ាញូស៍ សូមនាំលោកអ្នកសិក្សាអំពីសេដ្ឋីនីល្បីៗ លំដាប់ពិភពលោក មកបង្ហាញជូនដូចខាងក្រោម ដែលជាគុណសម្បត្តិរបស់មនុស្សស្រីសម័យទំនើបត្រូវមានពីកំពូលស្ត្រី ៣ រូប៖
១. ហ៊ានចាប់យកក្ដីស្រមៃរបស់ខ្លួន

អ្នកស្រី Tory Burch ជាសេដ្ឋីនីអាមេរិកាំងដែលជោគជ័យក្នុងវិស័យជំនួញមួយរូប។ ស្ត្រីវ័យ ៥៤ ឆ្នាំរូបនេះ ប្រាប់ថា មនុស្សស្រីមានមហិច្ឆតាធំ ជាស្ត្រីដែលមានភាពក្លាហានបំផុត។
ម្ចាស់អាជីវកម្មច្នៃម៉ូដរូបនេះលើកឡើងថា ក្រុមហ៊ុនសម្លៀកបំពាក់ Tory Burch របស់ខ្លួនមិនមែនជោគជ័យតែឯងពិតមែន ប៉ុន្តែចំណុចខ្លាំងដែលធ្វើឲ្យអ្នកស្រីបន្តអាចដើរមកទល់នឹងសព្វថ្ងៃ គឺ មហិច្ឆតាហ៊ានចាប់យកក្ដីស្រមៃជាមួយនឹងការផ្ដោតលើគោលដៅផងដែរ។
២. មានភាពឯករាជ្យលើខ្លួនឯង

អ្នកស្រី Sheryl Sandberg ជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារ និងជានាយកផ្នែកប្រតិបត្តិ ក្នុងក្រុមហ៊ុនហ្វេសប៊ុក។ ស្ត្រីវ័យ ៥១ ឆ្នាំរូបនេះ បានថ្លែងថា មនុស្សស្រីសម័យថ្មីរមែងបង្កើតហានិភ័យសម្រាប់ខ្លួនឯងជារឿយៗដោយមិនព្រមផ្ដល់ឱកាសឲ្យខ្លួនទទួលបានសេរីភាព និងចូលចិត្តពឹងផ្អែកលើអ្នកដទៃខ្លាំងពេក។
Sheryl Sandberg មានប្រសាសន៍ទៀតថា ទោះបីអតីតកាលមនុស្សស្រីមិនសូវមានការលើកស្ទួយ តែបច្ចុប្បន្នវាផ្ទុយគ្នាហើយ។ ចំពោះអ្នកស្រីមិនដែលចុះញមឡើយ ព្រោះខ្លួនមិននិយមនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃទាំងស្រុងទេ បែបនេះហើយទើបសម្រេចចិត្តចូលប្រឡូកក្នុងសង្គម ដើម្បីបានធ្វើរឿងដែលខ្លួនស្រឡាញ់។
៣. មិនចុះចាញ់នឹងបញ្ហា

តារាចម្រៀងស្រី Beyonce ជាសិល្បការរិនីជនជាតិអាមេរិក នាងបានបង្ហើបប្រាប់ថា មូលហេតុដែលនាំឲ្យខ្លួនអាចឈរជើងរហូតដល់បច្ចុប្បន្នគឺនាងតែងតែបង្វឹកខ្លួនឯងឲ្យក្រោកឈរឡើងជានិច្ច នៅពេលដែលជួបឧបសគ្គ។ នាងថា ជាញឹកញាប់នៅពេលបញ្ហាចូលមក នាងមិនដែលប្រលែងចោលនោះទេ ដោយតែងព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពជានិច្ច។
ការរៀនសូត្រជីវិតរបស់បុគ្គលជោគជ័យទាំងឡាយ រមែងអាចបង្កើតកម្លាំងចិត្តដល់គ្នាយើងឲ្យហ៊ានពុះពារ ជឿជាក់ និងបន្តទៅសម្រេចក្ដីស្រមៃរបស់ខ្លួន។
ដូចគ្នាដែរ មនុស្សស្រីជំនាន់ថ្មី គួរសិក្សាពីចំណុចល្អៗជាច្រើនពីស្ត្រីជោគជ័យនានាជុំវិញពិភពលោក ដើម្បីបង្វឹកបង្ហាត់ខ្លួនឯងឲ្យរឹងមាំ និងរីកចម្រើនទាន់សម័យកាល។
ប្រភព៖ Forbes